ភ្នំពេញ៖ កន្លងមកតារាបរទេសល្បីជាច្រើន បានធ្វើឲ្យគូស្នេហ៍របស់ខ្លួន រំភើបជាខ្លាំង ពិសេសពួកគេ បានសុំគ្នារៀបការ នៅលើវេទិការសាធារណៈ។ តែសម្រាប់នៅកម្ពុជា មិនទាន់មានតារាល្បីណា ហ៊ានបង្ហាញភាពក្លាហាន ចំពោះរឿងនេះនៅឡើយទេ ដោយសារតែតារាសិល្បៈខ្មែរ ព្យាយាមលាក់បាំងចំណង ស្នេហ៍របស់ខ្លួនយ៉ាង ស្ងាត់កំបាំង ។

ពួកគេហាក់មានភាពខ្មាស់អៀន ទៅនឹងភាពរញ៉េរញ៉ៃរបស់ខ្លួន ក្នុងរឿងស្នេហ៍ទៅប្រាប់ទស្សនិកជន ដែលគាំទ្រពួកគេ ។ ប៉ុន្តែអ្វីដែលជារឿង គួរឲ្យភ្ញាក់ផ្អើលខ្លាំង បំផុតនោះ នៅពេលតារាចម្រៀង ប្រុសកំពុងតែល្បីខ្លាំង ឆន សុវណ្ណារាជ បានសុំស្រីស្អាត សួស វិហ្សា រៀបការកណ្ដាលវេទិការតន្រ្តី ក្នុងការប្រគំតន្រ្តីនៃ ស្ថានីយទូរទស្សន៍បាយ័ន និងក្នុងចំណោមហ្វូង មនុស្សម្នាជាច្រើនពាន់នាក់ កាលពីថ្ងៃសៅរ៍ កន្លងទៅ ។

តាំងពីបើកឆាកអាជីពចម្រៀងជាថ្មី តារាចម្រៀងស្រី សួស វិហ្សា បានចាប់ដៃគូ ជាមួយកំលោះសង្ហា ឆន សុវណ្ណារាជ រហូតទទួលបាន ជោគជ័យមិនតិចទេ និងឈានដល់អាល់ប៊ុមទី២ ក៏នៅតែជោគជ័យបន្តទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានទៅថតចម្រៀងកាយវិការ នៅមណ្ឌលគិរី ជាមួយគ្នាទៀតផង ដែលជាឱកាសបង្កើន ភាពស្និទ្ធស្នាលទ្វេដង មិនធ្លាប់មាន។

ធុញនឹងធ្វើសង្សារ ជាបទចម្រៀងថ្មី ក្នុងអាល់ប៊ុមសួស វិហ្សា និងឆន សុវណ្ណារាជ ដែលបានប្រាប់ថា ធុញនឹងធ្វើសង្សារជាមួយ ឆន សុវណ្ណារាជ ហើយតែនាង ចង់រៀបការដូចគេ ឯឆន សុវណ្ណារាជវិញ ក៏បានសុំ សួស វិហ្សារៀបការ តែម្ដងទៅ ។ តែអត្ថន័យទាំងនោះ មានក្នុងបទចម្រៀងប៉ុណ្ណោះ ព្រោះតារាចម្រៀងប្រុស ឆន សុវណ្ណារាជ មានទាន់មានដំណឹង រឿងមានស្នេហ៍ថ្មីនៅឡើយទេ ក្រៅពីកំពុងតែត្រូវគេផ្គូរផ្គង លោកជាមួយតារា ចម្រៀងស្រីកំពូលល្បី ឱក សុគន្ធកញ្ញា ។

ចំនែកឯនាង សួស វិហ្សាវិញ ក៏មិនទាន់មាន ដំណឹងស្នេហាដែរ បើទោះបីជាគូស្នេហ៍ចាស់ បានរៀបការចោលនាង បាត់ទៅហើយក្ដី ក៏នាងមិនរវីរវល់នាំអំពល់ចិត្តដែរ ហើយប្រសិនជាតារាទាំងពីរដួងនេះ ក្លាយជាគូស្នេហ៍ក្រៅឆាកពិតប្រាកដ ទស្សនិកជន ក៏ជួយអបអរសាទរ និងជូនពរឲ្យពួក គេបានសម្រេចក្ដីបំណងនេះ ព្រោះអ្នកទាំងពីរជាតារាល្បីដូចគ្នា និងមើលទៅសមគ្នាណាស់..!៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល