ផ្កាឈូករ័ត្ន “តាមដាន” ព្រះអាទិត្យ គឺដោយសារកត្តានាឡេកាជីវសាស្ដ្ររបស់វា គឺមិនមែនដោយឥទ្ធិពលរបស់ពន្លឺព្រះអាទិត្យ ដូចការសន្និដ្ឋានកាលពីមុននោះទេ។

/

តាំងពីដើម ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ពន្លឺព្រះអាទិត្យ ប្រហែលជាបានទាក់ទាញយន្ដការអ្វីមួយរបស់ផ្កាឈូករ័ត្ន បណ្ដាលឱ្យផ្កាប្រភេទនេះ តាមដានព្រះអាទិត្យ ចាប់ពីថ្ងៃរះពេលព្រឹកព្រលឹម រហូតដល់ថ្ងៃលិច។

ប៉ុន្ដែ អ្នកវិទ្យាសាស្ដ្រ Hagop Atamian និង Stacey Harmer មកពីសកលវិទ្យាល័យ California នៅតំបន់ Davis (អាមេរិក) បានទម្លាក់ចោលនូវសម្មតិកម្មនេះ ក្រោយពីបានរកឃើញថា ផ្កាឈូករ័ត្ន មិនត្រឹមតែទទួលឥទិ្ធពលពីពន្លឺនោះទេ តែវាក៏ដំណើរការ យោងទៅលើនាឡេកាជីវសាស្ដ្រផ្ទាល់ខ្លួនរបស់វា នេះបើតាមសេចក្ដីរាយការណ៍មួយ ដែលមានចុះផ្សាយនៅលើទំពួរ Nature ។

ដើម្បីលើកឡើងនូវការសន្និដ្ឋានខាងលើ ក្រុមអ្នកវិទ្យាសាស្ដ្រ បានធ្វើការពិសោធជាច្រើន ក្នុងនោះ ពួកគេបានយកផ្កាឈូករ័ត្នពីខាងក្រៅ មកដាក់ក្នុងបន្ទប់ពិសោធ ដែលបិទជិត និងបំភ្លឺដោយពន្លឺអាគ្គីសនី។

លទ្ធផលបង្ហាញថា ដើមផ្កាដែលយកមកពិសោធនេះ នៅតែបង្វែរផ្កាដូចធម្មតា គឺតែងបែរទៅព្រះអាទិត្យ បើទោះជាវាស្ថិតក្នុងបន្ទប់ដែលមិនអាចមើលឃើញព្រះអាទិត្យ ឬមើលឃើញពន្លឺព្រះអាទិត្យ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Nature/Youtube