មិនគួរអោយជឿ ៖ គ្រូបង្រៀនប្រុសពីរនាក់ ដែលជាជនជាតិអង់គ្លេស ក៏កំពុងតែធ្វើដំណើរទេសចរណ៍របស់ខ្លួនទូទាំងពិភពលោក ដោយជិះតែម៉ូតូកង់បី (Tuk Tuk) ដើម្បីធ្វើការផ្សព្វផ្សាយទាក់ទិនទៅនឹងវិស័យអប់រំ នេះយោងតាមការដកស្រង់សេចក្តីរាយការណ៍ ដែលទើបតែបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា គ្រូបង្រៀនប្រុសទាំងពីរនាក់នោះ មានឈ្មោះថា Nick Gough និង Ric-hard Sears បានចាប់ផ្តើមដំណើរទេសចរណ៍របស់ខ្លួន ដោយធ្វើដំណើរចេញពីទីក្រុងឡុងដ៍នាខែសីហា កន្លងទៅ ដោយមានគោលបំណងធ្វើដំណើរទូទាំងពិភពលោកដោយផ្តើមចេញពីចក្រភពអង់គ្លេស អឺរ៉ុប ក៏ដូចជា អាហ្រ្វិក ខណៈពេលដែលមកទល់នឹងពេលនេះ ពួកគាត់បានធ្វើដំណើរបានដល់ទៅ ១៧,២០០ ម៉ាយ ហើយ។
យ៉ាងណាមិញ ទន្ទឹមនឹងការធ្វើដំណើរដ៏វែងឆ្ងាយមួយនេះ ពួកគាត់បានប្រឈមជាមួយនឹងឧបសគ្គជាច្រើន ដែលនៅក្នុងនោះរួមមានដូចជា ៖ មានការគំរាមគំហែងពីសំណាក់សត្វកំណាច ក៏ដូចជា បើកម៉ូតូកង់បី ឆ្លងកាត់វាលភក់ ក៏ដូចជាថ្ម នៅក្នុងប្រទេស Kenya និង Tanzania ជាដើម។

ដោយឡែក មកទល់នឹងពេលនេះ ពួកគាត់ទាំងពីរនាក់ បានធ្វើដំណើរមកដល់ទឹកដីអាស៊ីហើយ ពោលគឺ ពួកគាត់ក៏កំពុងតែមានវត្តមាននៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា ស្របពេលដែលពួកគាត់នឹងធ្វើដំណើរកាត់បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ី មុននឹងឆ្ពោះទៅកាន់ទ្វីបអាមេរិកវិញ៕
ដោយ ៖ ពិសីប្រភព ៖ ស្កាយ