សមាជិកក្រុមចម្រៀង T-ara នាង Soyeon ដែលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវទៅថតខ្សែភាពយន្ត “Haeundae Lovers” កាលពីថ្មីៗនេះ ឥឡូវនេះអាចវិលត្រលប់ទៅបន្តការថតរឿងវិញបានហើយ។
នៅថ្ងៃទី១៤សីហា អ្នកតំណាងការថតរឿងភាគកូរ៉េប្រចាំប៉ុស្តិ៍ទូរទស្សន៍ KBS បាននិយាយប្រាប់សារព័ត៌មាន MyDaily ថា “ចាប់ពីពេលនេះទៅ Soyeon នឹងវិលត្រឡប់ទៅបន្តការថតរឿង Haeundae Lovers នៅថ្ងៃទី១៥សីហានេះ ។ ពួកយើងកំពុងតែរៀបចំបន្តការថតដោយមានការប្រុងប្រយ័ត្នខ្ពស់ បំផុតដើម្បីឲ្យទាន់ពេលក្នុងការចាក់ផ្សាយរឿងនៅថ្ងៃទី ២០និង២១ខែសីហាខាងមុខនេះ” ។

ផលិតកម្ម Core Contents Media បាននិយាយថា “ទោះបីជាឥឡូវនេះ Soyeon មិនមានរបួសអីធ្ងន់ក៏ពិតមែន ក៏ប៉ុន្តែពួកយើងនៅតែតាមដានពិនិត្យមើលស្ថានភាពរបស់នាងជានិច្ចព្រោះខ្លាចមានអាការៈមិនប្រក្រតីណាមួយកើតឡើង”។

Soyeon ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ១៣ ខែសីហាកន្លងទៅនេះ ក្នុងខណៈពេលដែលនាងកំពុងធ្វើដំណើរទៅតំបន់ Busan ដើម្បីថតរឿង Haeundae Lovers ។ ដោយសារមេឃភ្លៀងនិងផ្លូវមានលក្ខណៈរអិល រថយន្តរបស់ Soyeon ក៏រអិលរេចង្កូតទៅបុកនឹងរនាំងបាំងផ្លូវរហូតក្រឡាប់៕