ក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលអ្នកជម្ងឺម្នាក់ នៅតែអាចដេញហ្គីតា បាន ក្នុង ពេលគាត់កំពុងទទួលការវះកាត់ខួរក្បាល។ ថ្វីបើជារឿងដែលបានកើតឡើងពីយូរមកហើយ ប៉ុន្ដែ វាពិតជាចម្លែក។

/

មន្ទីរពេទ្យមួយ នៅ Los Angeles បានក្លាយជាកន្លែងដំបូងក្នុងពិភពលោក ដែលអនុញ្ញាតឱ្យអ្នកជម្ងឺលេងហ្គីតា ក្នុងពេលកំពុងធ្វើការវះកាត់ព្យាបាលជម្ងឺ។មន្ទីរពេទ្យខាងលើ បានធ្វើការផ្សាយបន្តផ្ទាល់ អំពីដំណើរការនៃការវះកាត់នេះ ហើយបានចែករំលែក វីដេអូ នៅលើបណ្ដាញសង្គម Twitter កាលពីពេលកន្លង។ បន្ទាប់ពីបានទស្សនាវិដេអូនេះ ក្រុមអ្នកលេងអ៊ីនធឺរណែត មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងសមត្ថភាពលេងហ្គីតា ក្នុង ពេលទទួលការវះកាត់ខួរក្បាលបែបនេះ។

/

លោក Brad Carter អាយុ ៣៩ឆ្នាំ ត្រូវបានគេថតយកសកម្មភាពរីករាយ ក្នុងការលេងហ្គីតា ខណៈក្រុមគ្រូពេទ្យនៅមន្ទីរព្យាបាល UCLA កំពុងវះកាត់បំពាក់ឧបករណ៍ទៅក្នុងខួរក្បាល ដើម្បី ជួយទប់ទល់ទៅនឹងផលប៉ះពាល់របស់ជម្ងឺ Parkinson របស់គាត់។

/

កាលពីឆ្នាំ ២០០៦ លោក Brad Carter ត្រូវបានរកឃើញថា មានជម្ងឺ Parkinson បន្ទាប់ពីគាត់មានអាការៈញ័រដៃ។ ជម្ងឺនេះ បានធ្វើឱ្យគាត់បាត់បង់សមត្ថភាពលេងហ្គីតា។ មួយរយៈពេលក្រោយមក គាត់ក៏សម្រេចចិត្ត ឱ្យគ្រូពេទ្យវះកាត់ខួរក្បាល ដើម្បីព្យាបាលជម្ងឺនេះ។

/

ក្នុងពេលវះកាត់ Brad Carter ត្រូវបានគ្រូពេទ្យធ្វើឱ្យដឹងខ្លួនមួយរយៈពេលខ្លី និងស្នើឱ្យលេងហ្គីតា ដើម្បីអនុញ្ញាតឱ្យគ្រូពេទ្យ ដាក់ឧបករណ៍ជំនួយនោះ ចំទីតាំង ក្នុងខួរក្បាល។ ក្នុងកិច្ចសម្ភាសមួយ លោក Carter ថ្លែងថា ពិតជាមានការសប្បាយរីករាយ ដោយសារតែបន្ទាប់ពីវះកាត់ខួរ​ក្បាល គាត់អាចលេងហ្គីតា បានដូចមុន។

/

វីដេអូនេះ ត្រូវបានគេថតឡើង ក្នុងឱកាសខួបទី ៥០០ ដែលមន្ទីរពេទ្យនេះ បានធ្វើការវះកាត់ បែបដូច្នេះ។ តំណាងរបស់មន្ទីរពេទ្យ UCLA ឱ្យដឹងថា វិដេអូលេងហ្គីតា និងច្រៀង ក្នុងពេលវះកាត់នេះ ត្រូវបានអនុវត្តឡើង ដោយមានការតាមដានពីវេជ្ជបណ្ឌិត Nader Pouratian ដោយសង្ឃឹមថា វានឹងជួយកាត់បន្ថយការភ័យខ្លាចរបស់អ្នកជម្ងឺដទៃ ដែលអាចនឹងទទួលការវះកាត់បែបនេះ នៅពេលអនាគត៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail/Youtube