ភ្នំពេញៈតារាចម្រៀង មានឈ្មោះបោះសំឡេងមួយរូបប្រចាំនៅក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ពេជ្រ សោភា បានបង្ហើបប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំថ្មីនេះនាងបានត្រៀមបទចម្រៀងថ្មីដែលផ្តោតសំខាន់ ទៅលើការជួយអប់រំដល់សង្គម ខុសប្លែកពីចម្រៀងរបស់នាង ដែលចេញលក់នាពេលកន្លងមក។
តារាចម្រៀងស្រីរូបស្រស់ ពូកែបញ្ចេញក្បាច់រំាថ្មីប្លែៗកញ្ញា ពេជ្រ សោភា បានប្រាប់Looking TODAY ឲ្យដឹងនៅថ្ងៃទី ២៩ខែមករា ឆ្នាំ២០១៣នេះថា នៅក្នុងឆ្នាំថ្មីនេះនាងបាន ត្រៀមបទចម្រៀងសម្រាប់ វ៉ុលថ្មីដែលពិសេសនិងប្លែកខុសពីបទចម្រៀង របស់នាងមុនៗ ដោយនៅក្នុងបទចម្រៀងវ៉ុលថ្មីនេះ គឺនាងបានចាប់ដៃគូជាមួយតារាចម្រៀងប្រុស រួមដំបូល គឺលោកហ្សូណូ។
ពេជ្រសោភាបានប្រាប់បន្ត “សម្រាប់វ៉ុលដែលថ្មីរបស់ខ្ញុំ គឺផ្តោតសំខាន់ទៅលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង នៅក្នុងសង្គមរបស់យើង ហើយចំពោះមូលហេតុ ដែលខ្ញុំក៏ដូចជាខាងផលិតកម្ម ជ្រើសរើសបទថ្មីដែលអប់រំទៅលើ រឿងនេះ ដោយសារតែខ្ញុំសង្កេតឃើញថា បច្ចុប្បន្នមានប្រជាពលរដ្ឋ បានរងគ្រោះបាត់បង់ជីវិត និងរងរបួសច្រើន។ ដូច្នេះខ្ញុំចង់ចូលរួមចំណែក កាត់បន្ថយ និងចង់ឆ្លុះបញ្ចាំងពីបញ្ហានេះដើម្បីក្រើនរំលឹក ក៏ដូចជាសារមួយផ្ញើ ទៅដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យបានជ្រាបពីផលលំបាកដែល មាននៅពេលដែលយើងមានការធ្វេសប្រហែសក្នុងការធ្វើចរាចរណ៍ នៅលើដងផ្លូវ”។
កញ្ញា ពេជ្រ សោភា បានប្រាប់ឲ្យដឹងទៀតថានៅក្នុងបទចម្រៀងថ្មី របស់នាងនេះ គឺនាងបាន ចាប់ដៃគូជាមួយ លោក ហ្សូណូ ហើយរហូតមកដល់ ពេលនេះដំណើរការថតបាន ប្រមាណជា៤០ភាគរយ ហើយក៏កំពុងតែត្រៀមចេញ លក់លើទីផ្សារក្នុងពេលឆាប់ៗ ខាងមុខនេះទោះជាយ៉ាងណា នាងក៏សង្ឃឹមថា ក្រោយពីវ៉ុលថ្មីរបស់នាង ចេញលក់ និងទទួលបានការគាំទ្រច្រើនពីបងប្អូនទស្សនិកជន និងអាចចូលរួមចំណែក មួយផ្នែកក្នុងការជួយអប់រំ ដល់សង្គមពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរណ៍នេះថែមទៀតផង។
ទន្ទឹមនឹងការបង្ហើបប្រាប់ ពីគម្រោងក្នុងការថតបទចម្រៀង ដែលផ្តោតសំខាន់ ទៅលើការអប់រំពាក់ព័ន្ធ និងគ្រោះថ្នាក់ចរាចរណ៍នេះ ដែលអនុប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិបង្ករបួសអាស៊ីលោកស៊ឹម សុផល បានមានប្រសាសន៍ប្រាប់LookingTODAY ឲ្យដឹងថា លោកមានការសាទរចំពោះ ការផលិតបទចម្រៀងដែលអប់រំទៅលើ គ្រោះថ្នាក់ចរាចរណ៍នេះ ព្រោះថាតាមរយៈបទចម្រៀង ទាំងអស់នេះ ក៏អាចក្លាយជាសារមួយក្រើនរំលឹកទៅ ដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ជៀស គ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះដែរ លោកបានអំពាវនាវ ទៅដល់បណ្តាផលិតកម្មថា“ខ្ញុំសូមលើកទឹកចិត្តនិងជំរុញទៅដល់បណ្តា ផលិតកម្មផ្សេងៗទៀត ឲ្យពួកគាត់ចូលរួមចំណែក ក្នុងការនិពន្ធបទចម្រៀងឬក៏បញ្ចូលនូវសារ អប់រំទៅដល់មិត្តៗ យុវវ័យក៏ដូចជាបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងការចូលរួមចំណែក កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ព្រោះថាបើខាងផលិតកម្ម ចូលរួមចំណែកមួយផ្នែកទៀត ខ្ញុំគិតថាការដែលផ្សព្វផ្សាយ ទាក់ទងទៅ និងបញ្ហានេះនឹងកាន់តែទូលំទូលាយ”។
លោកបន្ថែមទៀតថា លោកសង្ឃឹមថា ការដែលយើងទាំងអស់គ្នា ចូលរួមចំណែកក្នុងការជួយផ្សព្វផ្សាយ និងព្យាយាមបង្ហាញពីទុក្ខសោក និងផលលំបាក ដែលបណ្តាមកពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឲ្យកាន់តែច្រើនលោកគិតថា បងប្អូនប្រជាពលរដ្ឋគាត់ បានយល់កាន់តែច្បាស់និងមានការប្រុងប្រយ័ត្នគោរពច្បាប់ ចរាចរណ៍ ដូច្នេះគ្រោះថ្នាក់ដែល កើតឡើងជាយថា ហេតុពាក់ព័ន្ធករណីនេះ ក៏កាត់បន្ថយបានច្រើនដែរ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល