លោកយាយអាយុ ១០០ឆ្នាំ រស់នៅក្នុងតំបន់ Howes Cave រដ្ឋ New York នេះ បានឱ្យដឹងថា នេះមិនមែនជាលើកដំបូងនោះទេ ដែលលោកយាយចង់មានបទពិសោធដ៏រន្ធត់បែបនេះ។

/

ក្នុងឱកាសខួបកំណើតលើកទី ១០០ របស់ខ្លួន ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចភ្លេចបាន លោកយាយ Eleanor Cunningham ជនជាតិអាមេរិក បានប្រថុយនឹងគ្រោះថ្នាក់ ក្នុងការលោតឆត្រ នៅឯក្លឹបលោតឆត្រយោង Saratoga ក្នុងទីរួមស្រុក Northumberland នៃរដ្ឋ New York អាមរិក កាលពីថ្ងៃទី ៨វិច្ឆិកា។

/

ចូលរួមក្នុងការលោតឆត្រយោងរបស់លោកយាយ Eleanor ក៏មានអ្នកលោតឆត្រយោងអាជីព Dean McDonald ដែលមានភារកិច្ចជាអ្នកជំនួយការ។ លោក Dean ដែលជាជំនួយការនេះ ឱ្យដឹងថា លោកយាយ Eleanor គឺជាស្ដ្រីវ័យចំណាស់បំផុត ដែលលោកធ្លាប់សហការណ៍ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

/

បើទោះជាមានវ័យចាស់ ប៉ុន្ដែ លោកយាយ Eleanor នៅតែមានភាពក្លៀវក្លា ចំពោះសកម្មភាពលោតឆត្រយោង អបអរថ្ងៃខួបកំណើតលើកទី ១០០របស់ខ្លួន។ ក្រោយពីលោតឆត្រយោង លោកយាយបង្ហាញការសប្បាយរីករាយជាខ្លាំង ខណៈមានការសាទរពីក្រុមគ្រួសារ។ សកម្មភាពរបស់លោកយាយ ត្រូវបានគេថតគ្រប់ជ្រុងជ្រោយ ដើម្បីទុកជាអនុស្សាវរីយ៍។

/

លោកយាយ Eleanor ឱ្យដឹងថា កាលពី មានវ័យ ៩០ឆ្នាំ លោកយាយក៏ធ្លាប់បានចូលរួមលេងកីឡាលោតឆត្រយោង។ មកដល់អាយុ ៩៥ឆ្នាំ លោកយាយក៏ចូលរួមសកម្មភាពលោតឆត្រម្ដងទៀត។

/

លោកយាយអាយុ ១០០ឆ្នាំរូបនេះ មានកូនចំនួន ៥នាក់ ចៅចំនួន ១៤នាក់ ចៅទួត ២៥នាក់ និងចៅលួត ៣នាក់។ លោកយាយបង្ហើបឱ្យដឹងថា ការទទួលទានអាហារបួស គឺជាអាថ៌បាំងដែលជួយឱ្យលោកយាយរស់បានយូរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail