ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញភ័ស្ដុតាងដ៏គួរឱ្យជឿជាក់មួយ បង្ហាញថាត្បូងពេជ្រអាចនឹងមាននៅខាងក្រោមនៃបណ្ដាភ្នំទឹកកក នៅប៉ូលខាងត្រូវ។ក្នុងដំណើរផ្សងព្រេង និងស្រាវជ្រាវនៅ ប៉ូលខាងត្រូវ ក្រុមអ្នកវិទ្យាសាស្ដ្រនៃមជ្ឈមណ្ឌលស្រាវជ្រាវប៉ូលខាងត្បូងរបស់អង់គ្លេស បានរកឃើញគំរូថ្ម kimberlite នៅលើជម្រាលភ្នំ Meredith ភាគខាងជើងជួរភ្នំ Prince Charles ។ Kimberlite គឺជាថ្មភ្នំភ្លើងមួយប្រភេទ ដែលមានផ្ទុកត្បូងពេជ្រ។
រូប ៖ UPI
ត្បូងពេជ្រ ត្រូវបានបង្កើតឡើងពី carbon សុទ្ធ ក្រោមកំដៅខ្ពស់ និងសម្ពាធខ្លាំង ស្ថិតនៅជម្រៅប្រហែល ១៥០គីឡូម៉ែត្រ ក្នុងស្រទាប់សម្បកផែនដី។ នៅពេលភ្នំភ្លើងផ្ទុះឡើង កំអែរបស់វានឹងនាំមកជាមួយនូវសារធាតុត្បូវពេជ្រ ឡើងមកខាងលើផ្ទៃផែនដី។ ពេលនោះ ត្បូងពេជ្រ តែងត្រូវបានរក្សាទុកនៅខាងក្នុងថ្មប្រភេទផ្សេង ដែលហៅថា ថ្ម kimberlite។យោងតាមទំព័រ BBC ការរកឃើញថ្មី kimberlite ធ្លាប់ត្រូវបានគេចាត់ទុកជាគន្លឹះសំខាន់ក្នុងការស្វែងរកត្បូងពេជ្រ។ ត្បូងពេជ្រ ត្រូវបានគេកំណត់សម្គាល់ឃើញថា មានច្រើន នៅក្នុងតំបន់មួយចំនួន ក្នុងពិភពលោក ពិសេសគឺនៅអាហ្វ្រិក អូស្ដ្រាលី ឬស៊ីបេរី។ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា នេះគឺជាលើកដំបូងដែលគេបានរកឃើញថ្ម kimberlite នៅប៉ូលខាងត្បូង។ ការរកឃើញ kimberlite នេះ នឹងបើកផ្លូវឱ្យមានការស្រាវជ្រាវបន្ថែមអំពីប្រភេទរ៉ែដ៏មានតម្លៃ ក្នុងតំបន់ដែលពេញដោយផ្ទាំងទឹកកកនេះ។ យ៉ាងនេះក្ដី ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងដែរថា សកម្មភាពរុករករ៉ែត្បូងពេជ្រ នៅប៉ូលខាងត្បូងក្នុងបំណងពាណិជ្ជកម្ម នឹងត្រូវបានហាមឃាត់។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ TR