កញ្ឆាជាប្រភេទគ្រឿងញៀនម្យ៉ាងដែលច្បាប់អន្តរជាតិចាត់ទុកថាជា គ្រឿងញៀនប្រភេទខ្សោយ ជាហេតុធ្វើឲ្យគេមិនសូវចាប់អារម្មណ៍ខ្លាំងពីគ្រោះថ្នាក់នៃការប្រើប្រាស់វានោះទេ។ តែតាមការពិត ឈ្មោះថាគ្រឿងញៀនមិនដែលល្អនោះឡើយ កញ្ឆា ឬ Marijuana អាចបង្កផលវិបាកយ៉ាងច្រើនដល់សុខភាព ជាពិសេស បើគេសាកល្បងជក់ តាំងពីនៅវ័យក្មេង។កញ្ឆាជាថ្នាំជក់មួយប្រភេទមានពណ៌ខៀវ ឬពណ៌ត្នោតដែលកើតឡើងពីកញ្ចុំផ្កានិងស្លឹករបស់វា។ កញ្ចុំកញ្ឆាពណ៌ត្នោតឬខ្មៅ គេកិនវាឲ្យទៅជាម្សៅកញ្ឆា ជ័រកញ្ឆា និងដុំកញ្ឆា។ ចំណែកឯ ដើមកញ្ឆាគេចម្រាញ់វាអោយទៅជាប្រេងកញ្ឆា។

កញ្ឆាមានអាយុរាប់ពាន់ឆ្នាំមុនគ.ស និងមានវត្តមាននៅតាមតំបន់នានាដែលមានប្រភេទដីនិង អាកាសធាតុផ្សេងៗគ្នាជុំវិញសកលលោក។ វាត្រូវបានគេយកមកធ្វើជា គ្រឿងផ្សំ ឱសថនៅក្នុងប្រទេសចិនមុនគេ រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ បន្ទាប់ពីគ្រឿងស្រវឹង កញ្ឆាត្រូវបានគេពេញនិយមបំផុតសម្រាប់ធ្វើជាថ្នាំកម្សាន្តអារម្មណ៍។
តើវាត្រូវគេប្រើប្រាស់យ៉ាងដូចម្ដេច? ប្រភេទកញ្ឆាទាំងអស់ជាទូទៅត្រូវបានគេប្រើប្រាស់ដោយការជក់។ ជ័រកញ្ឆា ឬប្រេងកញ្ឆាត្រូវបានគេបរិភោគ ឬឆុងដាក់ក្នុងតែ។ ប៉ុន្ដែ វាប៉ះពាល់ដល់អ្នកប្រើប្រាស់យ៉ាងណាខ្លះ? កញ្ឆាអាចធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍រីករាយ រំភើប។ អ្នកប្រើប្រាស់អាចមានវិញ្ញាណរវើរវាយក្នុងការមើល ការហិតក្លិន ការភ្លក់រសជាតិ និងការស្ដាប់។

តើគ្រោះថ្នាក់អ្វីខ្លះមានចំពោះអ្នកប្រើប្រាស់កញ្ឆា? តាំងពីមានការផ្សព្វផ្សាយច្បាប់ទាក់ទងនឹងបញ្ហាគ្រឿងញៀននៅ សតវត្សទី ២០ មក កញ្ឆាត្រូវបានគេចាត់ទុកជាគ្រឿងញៀនប្រភេទខ្សោយ ឬអាចនិយាយផ្ទុយមកវិញបានថា បើគេប្រើពាក្យ គ្រឿងញៀនខ្សោយនោះគឺគេនិយាយសំដៅលើកញ្ឆាហើយ។
ក្នុងដំណាក់កាលដំបូង អ្នកប្រើប្រាស់កើនចំណង់ និងចង្វាក់ជីពចរលោតញាប់។ អ្នកប្រើប្រាស់មានការលំបាកក្នុងការធ្វើ ចលនា និងការប្រើប្រាស់បញ្ញា ដូចជាការគិតឲ្យបានសមហេតុផល។ នៅពេលប្រើប្រាស់ច្រើនធ្វើអោយវិញ្ញាណអ្នកប្រើប្រាស់ស្ដាប់លឺសំឡេង ខ្លាំង និងមើលឃើញពណ៌ដិតខ្លាំងខុសពីធម្មតា នៅពេលនោះការគិតរបស់គេគឺមានល្បឿនយឺត និងមានការភ័ន្តច្រឡំ។
ប្រសិនបើកម្រិតប្រើប្រាស់ច្រើនហួស ឥទ្ធិពលនៃកញ្ឆានឹងធ្វើអោយ វង្វេង និងអាចរញីរញ័រ ងាយតក់ស្លុត និងរហូតដល់ឆ្កួតលីលា។ ការប្រើប្រាស់កញ្ឆាជាប្រចាំធ្វើអោយងាយញៀន និងបាត់បង់ចំណូលចិត្តចំពោះសកម្មភាពផ្សេងៗ ដូចជា ធ្វើអោយគេខ្ជិលច្រអូស និងមិនចង់ទំនាក់ទំនងជាមួយអ្នកដទៃ។ ផ្សែងកញ្ឆាមានផ្ទុកសារធាតុ របស់វាខ្ពស់ជាងផ្សែងបារី៥០% ដែលធ្វើឲ្យអ្នកប្រើប្រាស់ងាយរងគ្រោះដោយជំងឺមហារីកសួត និងជំងឺផ្លូវដង្ហើមផ្សេងៗទៀត។
ដោយ៖ មិនា