ជម្ងឺញៀនប្រើទូរស័ព្ទ នឹងមានឈ្មោះហៅជាផ្លូវការថា nomophobia ដែលសរសេរកាត់ពីកន្សោមពាក្យ ភាសា អង់គ្លេស No mobile phone phobia ។

ផលប៉ះពាល់របស់អាការៈនៃជម្ងឺញៀនប្រើទូរស័ព្ទ ចំពោះមនុស្ស កាន់តែកើនឡើង រហូតដល់ធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ដ្រ ត្រូវរកឈ្មោះដាក់ឱ្យការញៀននេះ។ ចាប់ពីពេលនេះតទៅ ជម្ងឺញៀនប្រើទូរស័ព្ទ ត្រូវបានគេហៅជាផ្លូវការថា nomophobia (No mobile phone phobia) ដែលមកប្រែក្រៅផ្លូវការថា “ភាពភ័យព្រួយ ពេលគ្មានទូរស័ព្ទចល័ត”។ បច្ចុប្បន្ន ក្រុមយុវវ័យ គឺជាអ្នកដែលទទួលផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែជម្ងឺ Nomophobia នេះ។

/

រោគសញ្ញានៃជម្ងឺ Nomophobia រូមមាន អារម្មណ៍ភ័យព្រួយ ឬអស់សង្ឃឹម នៅពេលឃ្លាតឆ្ងាយពីស្មាតហ្វូន និងមិនអាចផ្ដោតទៅលើអ្វីផ្សេងឱ្យបានច្រើន ក្រៅតែពីការឆែកព័ត៌មាន លេង Facebook ជាដើម នៅលើទូរស័ព្ទ។ អាការៈដែលធ្ងន់ជាងនេះ គឺអ្នក “ជម្ងឺ” នឹងស្ថិតក្នុងស្ថានភាពស្រម័យថា ទូរស័ព្ទរបស់ខ្លួនកំពុងរោទ៍ ប៉ុន្ដែការពិត ទូរស័ព្ទមិនបានរោទ៍នោះទេ។

យោងតាមគ្រូពេទ្យចិត្តវិទ្យា ការញៀនប្រើស្មាតហ្វូន ក៏មានលក្ខណៈស្រដៀងនឹងការញៀនមួយចំនួនផ្សេងទៀត ដោយសារវាមានទំនាក់ទំនងជាមួយនឹងការបាត់បង់តុល្យភាពនៃសារ​ជាតិ dopamire ។ នេះគឺជាសារធាតុ បញ្ជូនក្នុងបណ្ដាញសរសៃប្រសាទ ដែលមានលក្ខណៈ លើកសរសើរ ហើយវាស្ថិតនៅកណ្ដាលខួរក្បាល។  Dopamire ជម្រុញឱ្យមនុស្ស ធ្វើអ្វីមួយ ដែលពួកគេយល់ថា ជាវិជ្ជមាន។ ការមិនទាន់ទទួលបានដំណឹងអ្វីពីស្មាតហ្វូន បណ្ដាលឱ្យអ្នក “ជម្ងឺ” តែងតែសម្លឹងមើលទៅលើអេក្រង់ទូរស័ព្ទ ជាបន្តបន្ទាប់ បើទោះជាពុំមានអ្វីនៅទីនោះ។

/

ជាក់ស្ដែងបំផុត នៅពេលទទួលបានការចុចចូលចិត្ត (Like) ច្រើន ទៅលើរូបថត ឬសំណេររបស់ខ្លួនដែលបានបង្ហោះ នៅលើបណ្ដាញសង្គម វាធ្វើឱ្យអ្នកញៀនទូរស័ព្ទ កាន់តែចូលចិត្តទូរស័ព្ទថែមទៀត។ ក្រុមអ្នកវិទ្យាសាស្ដ្រមួយចំនួន បានលើកឡើងនូវគម្រោងការ នាំយកនូវ​អាការៈ nomophobia នេះ ទៅក្នុងកម្មវិធីពិនិត្យជម្ងឺ និងធ្វើស្ថិតិទៅលើបញ្ហាសរសៃប្រសាទ(DSM) ដែលជាកម្មវិធីលំដាប់ខ្ពស់បំផុត ដើម្បីការពារសុខភាពរបស់មនុស្ស។

ចំណែកអ្នកវិញ តើយល់ថា ខ្លួនកំពុងមានជម្ងឺញៀនស្មាតហ្វូនដែរ ឬទេ?

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BusinessInsider