ភ្នំពេញ៖ តារាចម្រៀងស្រស់ស្អាត កញ្ញា វ៉ានីឡា ដែលត្រូវបានគេដឹងថា ជាប្អូនស្រីបង្កើតរបស់ កវីខកស្នេហ៍ សុខ ជំនោរ ជាតារាចម្រៀងថ្មីម្នាក់ កំពុងតែលេចធ្លោក្នុងផលិតកម្ម ភ្លេងរីខដ ។ បទចម្រៀងរបស់នាងមួយចំនួន ដែលបានចេញលក់លើទីផ្សារកន្លងមក ហាក់ទទួលបានការគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារទឹកដមសំនៀង ក៏ដូចជាអត្ថន័យបទចម្រៀងប្លែក គួរឲ្យចាប់អារម្មណ៍។
គ្រាន់តែភ្លេងលេងបទ មនុស្សបងធុញ វិលវិញបានទេ ដែលជាចម្រៀងឆ្លើយឆ្លងជាមួយបទ មាននាងក៏ធុញ គ្មានក៏ធុញ របស់លោក ម៉ានិត សំឡេងទះដៃហ៊ោកញ្រ្ជៀវ បានលាន់ឮរំពងពេញស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ហង្សមាស ធ្វើឲ្យស្រីស្អាតច្រមុះស្រួច វ៉ានីឡា ញញឹមបិទមាត់មិនជិត ព្រោះនាងទទួលបានគាំទ្រពីយុវវ័យ លើសការរំពឹងទុក ។
ជាការពិត តារាពន្លកថ្មីក្នុងផលិតកម្ម ភ្លេងរីខដ វ៉ានីឡា ត្រូវបានគេដឹងថា នាងជាប្អូនស្រីបង្កើតរបស់ កវីកម្សត់ស្នេហ៍ សុខ ជំនោរ តែគ្មានអ្នកណាម្នាក់ជឿថា នាងជាប្អូនស្រីបង្កើតរបស់ លោកសុខ ជំនោរ ទេ ដោយសារមើលទៅខុសគ្នាដូចមេឃនឹងដី ព្រោះទម្រង់មុខអ្នកទាំងពីរនេះ មិនដូចគ្នាទេ ។
វ៉ានីឡា ហាក់ទទួលបានការលើកស្ទួយពិសេសជាងគេ ក្នុងផលិតកម្ម ភ្លេងរីខដ ដោយសារនាង មានខ្នងបង្អែកក្រាស់ នឹង មានសមត្ថភាពសិល្បៈពីកំណើតស្រាប់ ធ្វើឲ្យអ្នករួមដំបូល ផលិតកម្មរួមជំនាន់ជាមួយគ្នា មានអារម្មណ៍ច្រណែន នាងមិនស្ទើរនៅឡើយ។
ជំនួបផ្ទាល់នៅស្ថានីយទូរទស្សន៍ ហង្សមាស ស្រីស្អាត វ៉ានីឡា បានរៀបរាប់ប្រាប់ LookingTODAY ឲ្យបានដឹងថា នាងពិតជាប្អូនស្រី លោក សុខ ជំនោរ មែនតែនាងមិនមែនកូនពៅទេ។ នាងបន្តទៀតថា ថ្មីៗនេះ មានបទចម្រៀងចេញលក់ជាបន្តបន្ទាប់ ។ ប៉ុន្តែពេលចូលមកដល់ក្នុងទ្រនំមួយនេះនាងមិនបានពឹងផ្អែកលើ បងប្រុសដែលជា អ្នកគ្រប់គ្រងក្នុងផលិតកម្ម ដើម្បីបានល្បីឈ្មោះនោះទេ ដោយនាងបានដាក់ពាក្យតាម ហ្វេសប៊ុក និងធ្វើតេស្តសំឡេងដល់ទៅ ៦ដង ទំរាំក្លាយជាតារាចម្រៀងថ្មី ក្នុងផលិតកម្មថ្មីនេះ ពិតជាពិបាកខ្លាំងណាស់ ។
តាមការពិត លោក សុខ ជំនោរ មិនចង់ឲ្យប្អូនស្រីរបស់ខ្លួន ចូលប្រឡូកក្នុងពិភពសិល្បៈ ប៉ុន្មានទេ តែ វ៉ានីឡា មានចំណាប់អារម្មណ៍ចង់ខ្លាំង ហើយក៏បណ្ដោយតែម្ដងទៅ ។ បន្ទាប់ពីស្ដាប់ការបកស្រាយ របស់ស្រីស្អាត វ៉ានីឡា កាន់តែបង្ហាញថា ពិតជាមាននិស្ស័យ នឹងសិល្បៈដូចបងប្រុសនាងខ្លាំងពិតមែន ហើយនាងប្រឹងប្រែង ដោយសមត្ថភាព មិនបានប្រើខ្សែទុយោ ជួយយិតយោង ដូចអ្វីដែលទស្សនិកជនគិតនោះទេ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល