ពស់ងៀត ជាគ្រឿងក្លែមមួយប្រភេទដែលគេដាក់លក់ជាធម្មតាតាមហាងផឹកស៊ីមួយចំនួន ហើយក៏ឃើញមានលក់តាមដងផ្លូវនៅក្នុងទីក្រុងភ្នំពេញផងដែរ ដែលគេតែងតែឃើញមានលក់ជាមួយនឹងចង្រិតបំពងជាដើម។/តែលោកអ្នកដែលដឹងទេថាពស់ទាំងអស់នេះមួយចំនួនយកមកពីណា? មួយចំនួនប្រហែលជាគិតថាគេនាំចូលពីប្រទេស វៀតណាម ឬថៃ ប៉ុន្តែថ្ងៃនេះយើងមានវីដេអូខ្លីមួយនាំមកអោយលោកអ្នកបានទស្សនាវានិយាយពីមុខរបរដាក់មងចាប់ពស់របស់ប្រជាជនខ្មែរ។នៅតាមខែត្រមួយចំនួនជុំវិញបឹងទន្លេសាបដែលមានវាលស្មៅលេចទឹក ជាពិសេសនៅរដូវវស្សាគឺជារដូវដែលប្រជាជនមានឧកាសក្នុងការចេញរាយមង ហើយគោលបំណងធំគឺមិនមែនមកចាប់ត្រីនៅក្នុងវាលស្មៅលេចទឹកនេះទេ គឺពួកគេដាក់ដើម្បីចាប់ពស់។ វាជាមុខរបរគ្រោះថ្នាក់មូយទោះបីជាភាគច្រើនគេចាប់បានពស់ព្រលិត ឬពស់ផ្សេងៗដែលស៊ីត្រី ស៊ីកង្កែបជាអាហារហើយមិនមានពិសក៏ដោយ តែប្រសិនបើគេចាប់ចំពស់វែកឬពស់ដទៃដែលមានពិសនោះ ជីវិតរបស់អ្នកចាប់ដែលចេញប្រថុយដើម្បីក្រពះមនុស្សមួយគ្រួសារនេះ អាចនឹងបាត់បងបានដោយងាយ។សម្រាប់យើងគ្រប់គ្នានៅទីក្រុង សត្វពស់គឺជាសត្វដែលអ្នកទាំងអស់គ្នាខ្លាច ប៉ុន្តែសម្រាប់ក្មេងៗនៅជនបទដែលឪពុកម្ដាយរបស់គេប្រកបរបរចាប់ពស់លក់នោះពួកគេសប្បាយចិត្តណាស់រាល់ពេលដែលឪពុករបស់គេចែវទូកត្រលប់មកវិញជាមួយសត្វពស់ទាំងកន្រ្តក ពួកគេលេងវាប្រៀបបីដូចជាក្មេងនៅទីក្រុងលេងរថយន្តជ័រដូច្នោះដែរ។ សត្វពស់ទាំងនេះត្រូវបានលក់ទៅអោយអ្នកចាំទិញជាឈ្មួញភាគច្រើនជាជនជាតិវៀតណាម ដែលគេយកវាទៅពន្លះស្បែក សំអាតហើយបែត្រលប់ពស់ងៀតទាំងនោះមកលក់ក្នុងទីផ្សារស្រុកខ្មែរ និងក្រៅប្រទេសផ្សេងទៀត។លោកអ្នកគិតយ៉ាងណាដែរចំពោះមុខរបរបែបនេះ? វាគ្រោះថ្នាក់មែនពិត តែប្រសិនបើឪពុកម្ដាយរបស់ពួកគេមិនចេញទៅប្រថុយរកវាទេនោះ ក្រពះរបស់កូននៅផ្ទះក៏មិនបានសុខដែរ។ ទោះជាយ៉ាងណាគេសង្កេតឃើញថាមុខរបរនេះកំពុងតែមានការរង្គោះរង្គើព្រោះនៅតាមខែត្រមួយចំនួនមានកសិដ្ឋានចិញ្ចឹមពស់ទឹកសាបដើម្បីលក់អោយឈ្មួញទៅហើយ តើនេះអាចជាបញ្ហាធំដល់ជីវភាពរស់នៅរបស់ប្រជាជនដែលចាប់ពស់ដើម្បីចិញ្ចឹមជីវិតឬទេ?

ដោយ៖ ម៉ូកា