ខ្សែភាពយន្តស៊េរី James Bond ដែលបានសាងឈ្មោះល្បីតាំងពីឆ្នាំ ១៩៦២ មកនោះបានបន្តវគ្គដល់វគ្គទី ២៣ ហើយដែលក្នុងរឿងទី ២៣ នៃស៊េរីរឿងចារកម្មសម្ងាត់នេះមានចំណងជើងថា Skyfall។/លោកអ្នកប្រហែលជាធ្លាប់បានទស្សនារឿង James Bond ដ៏ល្បីល្បាញ ក្នុងនោះមកដល់ឆ្នាំ ២០១២នេះដំណើររឿងរបស់ចារបុរសរបស់ចារកម្ម M16 រូបនេះបានចេញដំណើរក្នុងបេសកកម្មជ្រោះមរណៈដែលខ្សែភាពយន្តនេះ ត្រូវបានដឹកនាំការសម្ដែងដោយ Sam Mendes និងនិពន្ធដោយអ្នកនិពន្ធ ៤ រូប គឺ Neal Purvis, Robert Wade, John Logan និង Ian Fleming ហើយក្នុងវគ្គទី ២៣ នៃសាច់រឿងនេះត្រូវបានដើរតួជា James Bond ដោយ Daniel Craig ដែលលោកបានបង្ហាញមុខជា James Bond ជាលើកដំបូងក្នុងខ្សែភាពយន្ត Casino Royale ដែលចាក់បញ្ចាំងក្នុងឆ្នាំ ២០០៦។/ក្នុងខ្សែភាពយន្ត Skyfall នេះគឺនិយាយពីបញ្ហាផ្ទៃក្នុងរបស់ស្ថាប័នចារកម្មសម្ងាត់ MI6 ដែលប្រធាននៃស្ថាប័ននេះកំពុងតែត្រូវរដ្ឋាភិបាលអង់គ្លេសបង្ខំផ្នែកនយោបាយអោយលាលែងពីដំណែង ដោយសារតែកាន់ដំណែងយូរណាស់មកហើយ។ Bond បានចេញបេសកកម្មមួយដើម្បីទៅយកនូវបន្ទះទិន្នន័យដែលត្រូវគេលួចទៅ ក្នុងបន្ទះផ្ទុកទិន្នន័យនោះមានផ្ទុករាល់ការសម្ងាត់របស់ MI6 និងព័ត៌មានរបស់រាល់ភ្នាក់ងារសម្ងាត់ MI6 ទាំងអស់។/Bond ត្រូវបានភ្នាក់ងារដែលជាសហការីរបស់ខ្លួនបាញ់មួយគ្រាប់ហើយបានធ្លាក់ទៅក្នុងជ្រោះ ដែលនាំអោយ MI6 បានប្រកាសថា Bond បានស្លាប់ តែអ្វីដែលជាការពិតនោះគឺ Bond បានសម្ងំលាក់ខ្លួនដើម្បីសិក្សាអំពីអាថ៍កំបាំងក្នុងរឿងនេះ ហើយគេបានងើបពីស្លាប់ដើម្បីមកជម្រះរឿងខុសឆ្គងមួយនេះក្រោយពេលដែលគេដឹងថាបន្ទះផ្ទុកព័ត៌មាននោះ ត្រូវបានគេលួចទៅដែលទាក់ទងដល់ប្រធានស្ថាប័ន MI6 ដែលខ្លួនធ្វើការអោយ។/ខ្សែភាពយន្ត Skyfall នេះត្រូវបានចំនាយទឹកប្រាក់អស់ ២០០ លានដុល្លាក្នុងការថត ហើយបានរកប្រាក់មកវិញចំនួនជាង ៥៣៩ លានដុល្លាក្នុងរយៈពេល ១ សប្ដាហ៍ដំបូងនៃការចាក់បញ្ចាំង ដែលខ្សែភាពយន្តរឿង Skyfall នេះហាក់ដូចជាបានលើកឈ្មោះស៊េរី James Bond ឡើងវិញក្រោយពេលដែលទទួលការរិះគន់ជាខ្លាំងក្នុងខ្សែភាពយន្ត Bond 22 គឺ Quantum of Solace កាលពីឆ្នាំ ២០០៨។/ខ្សែភាពយន្តរឿង Skyfall នេះត្រូវបានឧបត្ថមដោយស្រាបៀរ Heineken ដែលជាម្ចាស់ឧបត្ថមធំចំពោះខ្សែភាពយន្តនេះដែលត្រូវបានចាក់បញ្ចាំងតាមប្រទេសនានា ទូទាំងពិភពលោក ហើយនៅកម្ពុជា Heineken ក៏ជាម្ចាស់ឧបត្ថមធំផងដែរ។ ខ្សែភាពយន្តរឿង Skyfall បានចាក់បញ្ចាំងជាសាធារណៈហើយនៅកម្ពុជា ដែលមានចាក់បញ្ចាំងនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា