ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សុខ ពិសី បានធ្វើដំណើរមកពីច្រៀង នៅឯខេត្តបន្ទាយមានជ័យ ហើយត្រឡប់មកភ្នំពេញ យ៉ាងតក់ក្រហល់ ដើម្បីមកច្រៀងក្នុង កម្មវិធីពីរផ្សេងទៀត ដែលមួយជាកម្មវិធីថតទុក និងមួយទៀតជា ការប្រគំតន្រ្តីរបស់ ទូរស័ព្ទ Nokia នៅកោះពេជ្រ ។ទោះជាទើបត្រឡប់មកពី ខេត្តបន្ទាយមានជ័យ មានភាពនឿយហត់យ៉ាងណា ក៏ សុខ ពិសី នៅតែរំលេច សម្រស់ស្រស់សោភា សមជាតារាចម្រៀង ដែលមានសំឡេងល្អ នឹងរូបសម្បត្តិ ស្រស់ស្អាតដាច់គេមែន ។

សុខ ពិសី មានទម្លាប់មិនដែលទៅណា មកណាម្នាក់ឯងទេ ជាក់ស្ដែងក្នុងកម្មវិធីថតទុកនោះ នាងបាននាំបងស្រីម្នាក់ ដើម្បីជួយចាក់ភ្លេង រៀបចំសម្លៀកបំពាក់ ព្រមទាំងម្ដាយមីង និងក្មួយនាងទៀតផង ពោលមិនចំឡែកចិត្តទេ ដោយសារនេះ ជាទម្លាប់របស់នាងទៅហើយ ។ វត្តមាន សុខ ពិសី ក្នុងកម្មវិធី ថតទុកនោះ បានធ្វើឲ្យ រំជើបរំជួលពីសំណាក់ អ្នកចូលរួមទស្សនាផ្ទាល់ ពិសេស ទោះជាស្ថានីយទូរទស្សន៍នោះ មិនសូវល្បី ក៏នាងមិនរើសអើងកម្មវិធីដែរ ធ្វើឲ្យអ្នករៀបចំកម្មវិធី ញញឹមបិទមាត់មិនជិតទេ ។

កម្មវិធីដំណើរការដោយរលូន នឹងបញ្ចប់ដោយ ភាពជោគជ័យបំផុត នៅម៉ោងប្រហែល៥ល្ងាច នាងក៏បានជំរាបលា អ្នករៀបចំកម្មវិធី ក៏ដូចជាក្រុមការងារទាំងអស់ ព្រោះនេះជា សុជីវធម៌របស់នាង ។ ស្រាប់តែម៉ោង៦ ល្ងាច មានការឆោឡោឡើង ដោយសារ សុខ ពិសី បានបាត់ទូរស័ព្ទដៃ ម៉ាក iPhone 4s របស់នាង ហើយ មិនដឹងជាមាន អ្នកណាលួចយកនោះទេ ខណៈដែលនាងបាន ចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី ប្រស្នាតារា នៃស្ថានីយទូរទស្សន៍អប្សរា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ ។

ប្រភពពីស្ថានីយទូរទស្សន៍ អប្សរា បានបង្ហើបថា ពេលចាកចេញភ្លាម នាងមិនទាន់ ផ្អើលឆោឡោទេ ទាល់តែល្ងាចបន្តិច បានដឹងថា បាត់ទូរស័ព្ទដៃ ធ្វើឲ្យមានការឆោឡោឡើង ផ្អើលពេញស្ទូឌីយោថតកម្មវិធី ។ សុខ ពិសី មិនស្ដាយទូរស័ព្ទទេ អ្វីដែលសំខាន់ គឺនាងស្ដាយឯកសារ និងរូបថតជាច្រើននៅក្នុងទូរស័ព្ទនោះ ។ក្នុងការប្រគំតន្រ្តីរបស់ទូរស័ព្ទដៃ Nokia កាលពីល្ងាចថ្ងៃទី ០៩ ខែមេសា សុខ ពិសីមិនសូវជាសើចសប្បាយដូចមុនៗ ទេដោយសារនាងបានបាត់នូវទូរស័ព្ទដៃ ជាទីស្រលាញ់របស់នាង។

ក្រុមការងារសង្កេតឃើញថា តាមពិត សុខ ពិសី ពេលមកថតកម្មវិធី មិនបានទៅអង្គុយ ទីណាម្នាក់ឯងទេ នាងត្រូវបានតាមជាប់ ដោយសាច់ញាតិរបស់នាង សូម្បីតែទៅផ្លាស់សម្លៀកបំពាក់ ក៏បងស្រីទៅតាមដែរ ហេតុអ្វីបានជាត្រូវភ្លេច ឬបាត់ទូរស័ព្ទទៅវិញ ? នៅទីបំផុត នៅតែមិនអាចរក ទូរស័ព្ទឃើញដដែល ធ្វើឲ្យស្រីស្អាត សុខ ពិសី ខកចិត្តយ៉ាងខ្លាំង និយាយមិនចេញ ។ ទោះជាយ៉ាងណា នាងនៅតែប្រឹងសម្ដែង ក្នុងការប្រគំតន្រ្តី ណូគា យ៉ាងរលូន ដែលគ្មានអ្នកណា ម្នាក់មើលដឹងថា សុខ ពិសី កំពុងតែ ពិបាកចិត្តរឿង បាត់ទូរស័ព្ទនោះទេ។

ហេតុការណ៍បាត់ទូរស័ព្ទដៃ ស៊េរីទំនើបពីសំណាក់តារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ សុខ ពិសី នៅក្នុងកម្មវិធីសិល្បៈនៃ ស្ថានីយទូរទស្សន៍ អប្សរា គេក៏បាននឹកឃើញទៅដល់ ហេតុការណ៍ស្រដៀងគ្នានេះដែរ គឺការបាត់ទូរស័ព្ទដៃស៊េរីទំនើបដូចគ្នា(iPhone 4s) ពីសំណាក់តារាសម្ដែង និងជាពិធីការិនី កញ្ញា រស់ សាវ៉ាត់បាទី ខណៈដែលនាងបានចូលរួមធ្វើជាពិធីការិនីក្នុងកម្មវិធី ងាយ តែលំបាកកាលពីចុងឆ្នាំ២០១២ ធ្វើឲ្យនាងខកចិត្តជាខ្លាំង និយាយលែងចេញ ៕

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល