Mark Zuckerberg នរណាក៏ស្គាល់បុរសម្នាក់នេះដែរថាគាត់គឺជាអ្នកមានវ័យក្មេងបំផុតទី ១ លើលោកហើយមានបានដោយសារតែគេហទំព័រ Facebook សព្វថ្ងៃនេះ។ តែលោកអ្នកដែលដឹងទេថា Mark Zuckerberg ដែលជាអ្នកបង្កើតគេហទំព័រ Facebook នេះជាមនុស្សបែបណា? ការពិតចម្លើយគឺមាននៅក្នុងរឿង The Social Network។
ខ្សែភាពយន្តរឿង The Social Network គឺជាខ្សែភាពយន្តដែលនិយាយពីជីវិតរបស់ Facebookទាំងមូលដែលកើតចេញពីវិវាទ និងការរៀបចំផែនការអាក្រក់ក្នុងការក្បត់ពីសំណាក់មិត្តរបស់ខ្លួនដើម្បីអនាគតប្រាក់រាប់ពាន់លានដុល្លាអាមេរិក។ ខ្សែភាពយន្តនេះដឹកនាំដោយអ្នកដឹកនាំរឿងលោក David Fincher និងត្រូវបានគេរើសតួរសម្ដែងយ៉ាងផ្ចិតផ្ចង់ដោយផ្អែកលើរូបសម្បត្តិអោយដូចទៅ និងតួរអង្កពិតក្នុងសាច់រឿងពិតរបស់ Facebook ហើយត្រូវបានចូលរួមសម្ដែងដោយ Jesse Eisenberg, Andrew Garfield, Rooney Mara និង Justin Timberlake ជាដើម។
ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ជាំនៅក្នុងឆ្នាំ ២០១០ ដោយរកបានចំណូលសរុបទូទាំងសហរដ្ឋអាមេរិកចំនួន $ 96 917 897 ច្រើនជាងការរំពឹងទុកលើចំណូលសរុបទូទាំងពិភពលោកដែលគេគិតថាអាចរកបានត្រឹម $ 40 000 000 ជាមួយនឹងចំណូលសរុបទូទាំងពិភពលោកចំនួន $ 224920 315។ ខ្សែភាពយន្តនេះនិយាយពីដំណើរការនៃការបង្កើតគេហទំព័របណ្ដាញសង្គមដែលឈរនៅលំដាប់លេខ ១ សព្វថ្ងៃគឺ Facebook ត្រង់ចំណុចដែល Mark Zuckerberg កំពុងតែត្រូវបានប្ដឹងពីសំណាក់ដើមបណ្ដឹង ៣ រូបនិង ២ បណ្ដឹងផ្សេងគ្នា។ ដើមបណ្ដឹងទី ១ គឺបងប្អូនភ្លោះCameron Winklevoss និង Tyler Winklevoss ដែលជាម្ចាស់គំនិតក្នុងការបង្កើតជាគេហទំព័របណ្ដាញសង្គមសម្រាប់ Harvard University ហើយត្រូវបាន Mark យកគំនិតនេះក្នុងការបង្កើតFacebook។ ដើមបណ្ដឹងទី ២ គឺជាមិត្តជិតស្និទ្ធបំផុតរបស់ Mark ហើយក៏ជាមនុស្សទី ២ បន្ទាប់ពី Mark ក្នុងការបង្កើត Facebook អោយចេញជារូបរាងនៅឆ្នាំ ២០០៤ គឺ Eduardo Saverin ដែលគេបានប្ដឹង Mark Zuckerberg ទាមទារលុយ ៦០០ លានដុល្លាដែល Mark បានរួមដៃគ្នាជាមួយនិង Sean Parker ដេញខ្លួនចេញពីក្រុមហ៊ុន។
Sean Parker គឺជាម្ចាស់គេហទំព័រមួយដ៏ធំដែលផ្ដល់ចម្រៀងអោយមនុស្សចូលទៅ Downloadអោយឥតគិតថ្លៃហើយគេបានចួលរួមក្នុងក្រុមហ៊ុន Thefacebook នៅពេលដែល Thefacebookបានពង្រីកទៅដល់សាលកលវិទ្យាល័យមួយចំនួននៅ California ហើយគេគឺជាម្ចាស់គំនិតក្នុងការផ្លាស់ Domain ពី Thefacebook.com មកជា facebook.com ហើយក៏ជាមនុស្សតែម្នាក់ដែលបានដាក់ facebook អោយមានវត្តមាននៅទ្វីបអ៊ឺរ៉ុប។
ក្នុងខ្សែភាពយន្តនេះបង្ហាញអោយដឹងថា Mark Zucherberg កាលពីក្មេងគឺជាមនុស្សម្នាក់ដែលមិនល្អណាស់ណានោះទេព្រោះធ្លាប់បានសរសេរ Blog បង្ខូចឈ្មោះសង្សារចាស់នៅពេលដែលគេបែកគ្នា ហើយធ្លាប់បានរូមដៃគ្នាក្នុងការប្រើល្បិចបណ្ដេញមិត្តតែម្នាក់របស់គេដែលធ្លាប់ជួយចេញលុយក្នុងការបង្កើត Thefacebook បណ្ដេញគេចេញពីក្រុមហ៊ុនហើយថែមទាំងលុបឈ្មោះគេជា Co-Founder ចេញទៀតផង។ តែចុងក្រោយរឿងក្ដីត្រូវបានចប់ដោយសារ Mark មានការស្ដាយក្រោយនូវអ្វីដែលគេធ្លាប់បានធ្វើអាក្រក់កន្លងមកលើមិត្តតែម្នាក់របស់គេ និងមិត្តស្រីចាស់របស់គេ ចុងក្រោយគេបានចាញ់ក្ដីដោយបង់ប្រាក់ជំងឺចិត្ត ៦២ លានដុល្លាដល់ បងប្អូន Winkle-voss និងទទួលស្គាល់ថា Eduardo Saverin គឺជា Co-Founder ក្នុង Facebook និងផ្ដល់ដំណែងជា CFO ក្នុងក្រុមហ៊ុនវិញ។ថ្វីត្បិតតែវាជាខ្សែភាពយន្តដែលចេញផ្សាយមក ២ ឆ្នាំជាងហើយក្ដីក៏វានៅតែជាខ្សែភាពយន្តមួយដ៏អស្ចារ្ស និងមានអត្ថន័យមិនអាចប្រកែកបាន វាបង្ហាញពីមនោសញ្ចេតនាមនុស្ស និងការឈឺចាប់នៅពេលដែលអ្នកបាត់បង់មនុស្សជាទីស្រលាញ់ព្រោះតែប្រាក់ដែលមិនទាន់មកដល់៕
ដោយ៖ ម៉ូកា