ភ្នំពេញ៖ តារាចម្រៀង គ្មានទ្រនំ កញ្ញា រិន សុធារ៉ា បានឈានជើង ចូលប្រឡូក ក្នុងពិភពសិល្បៈអស់ រយៈពេល៥ឆ្នាំមកហើយ ។ តែបើមើលទៅលើ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះនៅក្នុង សិល្បៈរបស់នាងវិញ ហាក់មិនសូវលេចធ្លោរ និងល្បីល្បាញ ដូចតារាចម្រៀង មួយចំនួនប៉ុន្មានឡើយ ព្រោះនាងជា តារាចម្រៀងមួយដួង មិនមានទ្រនំផ្ទាល់ខ្លួន សម្រាប់ជ្រកឡើយ ។
តែទោះជាយ៉ាងណា រយៈពេល២ឆ្នាំមកនេះ ស្រីស្រស់ រិន សុធារ៉ា បានច្រៀងឲ្យផលិតកម្ម ក្រៅស្រុកមួយ ដែលមានឈ្មោះថា ផលិតកម្មបុប្ផា ហើយកាលពី ពេលថ្មីៗកន្លងទៅនេះ នាងក៏បានច្រៀង ឲ្យផលិតកម្ម បុប្ផា នៅក្នុងសាលមហោស្រពចេនឡា ដើម្បីយកទៅលក់ នៅក្រៅប្រទេស។
កន្លងមកកញ្ញា រិន សុធារ៉ា ធ្លាប់បានឡើងបង្ហាញសម្រស់ និងបង្ហើរសំនៀងនៅលើឆាកតន្រ្តីស្ទើរគ្រប់ៗស្ថានីយ៍ទូរទស្សន៍អស់ទៅហើយ ក្នុងនោះមានដូចជា ទូរទស្សន៍បាយ័ន ស៊ីធីអិន ប៉ុស្តិ៍លេខ៣ ប៉ុស្តិ៍លេខ៥ និងប៉ុស្តិ៍អប្សរា ...ជាដើម។
បើទោះបីជាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់បុប្ផាក្រពុំ ដែលមានដើមកំណើតមកពី ខេត្តពោធិសាត់ រិន សុធារ៉ា មិនសូវលេចធ្លោរ នៅក្នុងប្រទេសក៏ពិតមែន តែចំពោះសំនៀង របស់នាង គឺមានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់បងប្អូនខ្មែរ រស់នៅឯនាយសមុទ្រ ព្រោះបទចម្រៀង ដែលនាងបានច្រៀង គឺខាងផលិតកម្ម បានយកចេញទៅលក់ នៅខាងក្រៅប្រទេស ដូច្នេះធ្វើឲ្យអ្នកនៅឯនាយសមុទ្រ មានការគាំទ្រច្រើន ។ ជាពិសេសទៅទៀតនោះ បទចម្រៀងរបស់នាង គឺសុទ្ធសឹងតែជា បទចម្រៀងពីរោះៗ ដែលមានលក្ខណៈ ជាបទកន្រ្ទឹម បទបុរាណ និងបទមនោសញ្ចេតនាជាដើម ។
ដោយសារ តែការប្រឡូក ក្នុងពិភពសិល្បៈ អស់ជាច្រើនឆ្នាំ ហើយទេពកោសល្យសិល្បៈ និងមានសំនៀងពីរោះផងនោះ ស្រីស្រស់ រិន សុធារ៉ា ត្រូវបានស្ពន់ស័រទាក់ទងនាងឲ្យ ទៅច្រៀងនៅ ប្រទេសអូស្រ្តាលី ជាមួយក្រុមនាយពែកមី នៅជាងមួយសប្តាហ៍ខាងមុខនេះ ។ នៅក្នុងជំនួបសម្ភាសន៍ ជាមួយគេទំព័រ LookingTODAY កញ្ញា រិន សុធារ៉ា បាននិយាយរៀបរាប់ ឲ្យដឹងថា នៅសល់តែប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះនាង និងចេញទៅច្រៀង នៅប្រទេសអូស្រ្តាលី ជាមួយ តារាចម្រៀង និងតារាកំប្លែងមួយចំនួន នៅក្នុងក្រុមនាយពែកមី ។
តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ បានបន្តទៀតថា ខ្ញុំត្រូវបានស្ពន់ស័រ ទាក់ទងឲ្យខ្ញុំចេញ ទៅច្រៀងនៅ ប្រទេសអូស្ត្រាលី នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ។ ខ្ញុំត្រូវចេញទៅច្រៀង នៅប្រទេសអូស្រ្តាលី រួមជាមួយក្រុមកំប្លែងបងពែកមី ក្នុងនោះមានដូចជា បងពែកមី នាងខ្ញុង លីឡា និងអ្នកផ្សេង មួយចំនួនទៀត ។ ការចេញទៅច្រៀង និងសម្តែងនៅអូស្ត្រាលី នៅពេលខាងមុខនេះ ខ្ញុំត្រូវចេញទៅ រយៈពេល១ខែកន្លះ។
គួរបញ្ជាក់ថា កាលពីពេលកន្លង ទៅកញ្ញា រិន សុធារ៉ា ធ្លាប់បានច្រៀង ចេញទៅច្រៀងនៅ ប្រទេសជប៉ុនម្តង រួចមកហើយ និងទទួលជ័យខ្លាំងផងដែរ ។ ដូច្នេះការចេញ ទៅច្រៀងនៅ ប្រទេសអូស្ត្រាលី នាពេលខាងមុខនេះ នាងសង្ឃឹមថា នឹងទទួលបានជោគជ័យ បន្តទៀត ព្រោះបានរួមដំណើរ ជាមួយ ក្រុមនាយពែកមី ដែលក្រុមមួយ ដ៏ល្បីស្រាប់ក្នុងប្រទេស ៕





ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល