ភ្នំពេញ៖ តារាចម្រៀងស្រីល្បី ឈ្មោះរបស់ផលិតកម្ម ហង្សមាស ឱក សុគន្ធកញ្ញា ដែលជាកំពូលតារា ចម្រៀងផ្នែកយុវវ័យ ដែលភាពល្បីល្បាញរបស់នាង បានមកពីការបកស្រាយ បានល្អផ្នែកបទមនោសញ្ចេតនា នឹងរាំបានស្រស់ស្អាតជាងគេ ក្នុងបទញាក់ ទើបនាងស្រូបបាន ប្រជាប្រិយភាពជាកំពូល តារាចម្រៀងអស់រយៈ ពេលបួនឆ្នាំជាប់ៗគ្នា ដល់ថ្នាក់ មាស សុខសោភា ក៏តាមនាងមិនទាន់ដែរ ព្រោះមាស សុខសោភា នៅស្ទើរខាងក្បាច់រាំ តែបើបទមនោសញ្ចេតនាមិនស៊ីសង គ្នាប៉ុន្មានទេ ។
សម្រាប់២០១៣ នេះ ឱកសុគន្ធ កញ្ញា ហាក់មិនសូវជាមាន ញាក់ដូចមុនទៀតទេ គឺស្ទើរតែអត់តែម្ដង ជិតពាក់កណ្ដាល២០១៣ ទៅហើយ បទចម្រៀងញាក់មាន តែពីរបទប៉ុណ្ណោះ គឺបទ Mr what you means ? និង បទកូនទារូបអាក្រក់ ដែលផ្ទុយពីតារាចម្រៀង ខ្លាំងខាងរាំរែកកន្ធែងជើង ទេព បូព្រឹក្ស ដែលគ្រាន់តែឡើងឆាក best of the best នាងបូព្រឹក្ស បានដល់ទៅបួនបទម្នាក់ឯង ហើយនាងរាំបង្អួត តារាចម្រៀងរួម ផលិតកម្មញាក់សាច់។
ប្រភពពីផលិតកម្ម ហង្សមាស សុំមិនបញ្ចេញឈ្មោះ និយាយប្រាប់ LookingTODAY ថា ហង្សមាស ឥឡូវហាក់ផ្អាក លើកស្ទួយជ្រោមជ្រែង ឱក សុគន្ធកញ្ញា សិន ដើម្បីលើកប្រជាប្រិយភាព តារាចម្រៀងចូលក្រោយៗវិញម្ដង ។ ជាក់ស្ដែង ហង្សមាស កំពុងតែលើកស្ទួយ នាង សួស វិហ្សា ផ្នែកមនោសញ្ចេតនា ដោយមិនដល់មួយ សប្តាហ៍ទៀតទេ នាង សួស វិហ្សា នឹងចេញបទចម្រៀងទៀតហើយ ខណ:ដែលនាងទើប នឹងចេញបទមិនទាន់បាត់ធុំក្លិន ចំហាយឌីសចាស់ផង ។
ជាពិសេស ខាងហង្សមាស នឹងលើកស្ទួយនាង ទេព បូព្រឹក្ស ផ្នែកបទញាក់កន្ត្រាក់អារម្មណ៍ ព្រោះបើហង្សមាសលើក ឱក សុគន្ធកញ្ញា ខ្លាំងពេក ពួកអ្នកចូលក្រោយៗច្បាស់ ជានាំគ្នាញុំាអំបិលមិនខាន។
ទោះបីជា ហង្សមាស មិនសូវជាលើកស្ទួយ ឱក សុគន្ធកញ្ញា ដូចមុនក្ដី តែប្រជាប្រិយនាងនៅតែ ឈរលំដាប់កំពូលដដែល ព្រោះបច្ចុប្បន្ននេះ ត្រូវបានមហាជន មើលឃើញថា ការងារសិល្បៈរបស់ ឱក សុគន្ធកញ្ញា នៅតែមានភាពមមាញឹក ស្ទើរតែរកពេលសម្រាកគ្មាន ជាពិសេសគឺការប្រគំ តន្រ្តីតាមខេត្តរបស់ បណ្ដាក្រុមហ៊ុនធំៗ និងស្ពតពាណិជ្ជកម្មនានា បើគិតពីចំណូលវិញ ឱក សុគន្ធកញ្ញា អាចរកប្រាក់បានខ្ទង់ ជិតកន្លះលានដុល្លារ ក្នុងមួយឆ្នាំៗ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល