ភ្នំពេញ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិ ខិតជិតមកដល់នៅពេលខាងមុខ ស្រាប់តែតារាចម្រៀងចាស់វស្សានៅ ក្នុងទ្រនំផលិតកម្មហង្សមាសកញ្ញា ពេជ្រ សោភា បានសរសេរប្រកាសប្រាប់មហាជន បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ថានាងត្រៀមខ្លួនរួចជាស្រេច ក្នុងការបោះឆ្នោតនៅពេលខាងមុខ ។
ប៉ុន្តែនៅក្នុងអត្ថន័យ ដែលតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា សរសេរនៅក្នុង Account Face-book របស់នាងនោះដែរ បានរៀបរាប់ប្រាប់ ទៅដល់មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រថា នាងមិនយកខ្លួនទៅប្រឡូក ក្នុងបក្សនយោបាយណាមួយឡើយ ព្រោះថានាង គឺជាអ្នកសិល្បៈ និងជាមនុស្សរបស់មហាជន ដូច្នេះនាងមិនអាចយកខ្លួន ទៅបៀត ឬប្រកាន់ក្នុងបក្សណាមួយឡើយ ។
ចំពោះជាការសរសេររៀបរាប់ របស់ស្រីស្រស់ ពេជ្រ សោភា បានបង្ហោះនៅលើ Account Facebook របស់នាង បានរៀបរាប់យ៉ាងដូច្នេះថា នាងខ្ញុំ ពេជ្រ សោភា សូមមិនចូល ឬ ប្រកាន់បក្សណាមួយនោះទេ តែខ្ញុំនឹងទៅបោះឆ្នោត ហើយមនុស្សគ្រប់រូបមានសិទ្ធិជ្រើសរើស នូវអ្នកដឹកនាំ ដែលខ្លួនស្រលាញ់ និងទុកចិត្ត តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន អ៊ីចឹងកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នាណា... នាងខ្ញុំក៏មានបក្សនយោបាយ ដែលខ្ញុំស្រលាញ់គាំទ្រដែរ ។
តារាចម្រៀង ពេជ្រ សោភា បានបន្ថែមទៀតថា ក្នុងនាមជាតារាមួយរូប នាងខ្ញុំសូមមិនបង្ហាញ គោលជំហរឈរនៅខាងណានោះទេ ព្រោះសិល្បៈជាផ្នែកមួយ ដែលឆ្លុះបញ្ចាំងពីប្រទេស ហើយសិល្បៈក៏ជាមនុស្សរបស់មហាជន...មិនថាយើងស្រលាញ់ ឬប្រកាន់បក្សនយោបាយមួយណា ឬយ៉ាងណានោះទេ យើងទាំងអស់គ្នាសុទ្ធតែ ចង់ឲ្យប្រទេសរីកចំរើន និង សុខសន្តិភាពដូចគ្នា ដូចនេះយើងជាខ្មែរដូចគ្នា ត្រូវចេះស្រលាញ់ រួបរួមសាមគ្គីគ្នា មិនត្រូវឈ្លោះប្រកែកគ្នានោះទេ ត្រូវរស់នៅដោយសន្តិភាពជាមួយគ្នា... ខ្មែរស្រលាញ់ខ្មែរ។
ប្រយោគខាងលើ របស់ ពេជ្រ សោភា ត្រូវបានទស្សនិកជន ក៏ដូចជាអ្នកនិយមលេងតាមបណ្ដាញសង្គមហ្វេសប៊ុកធ្វើការសន្និដ្ឋានបានថា នាងជាតារាចម្រៀងដែលមានការវិភាគ និងយល់ដឹងច្បាស់ពីស្ថានភាពនយោបាយ ស្ថានភាពសង្គមជាក់ស្ដែង ចង់ឲ្យប្រជាពលរដ្ឋខ្មែរចេះស្រឡាញ់គ្នា សាមគ្គីគ្នា កុំយកខ្មែរជាសត្រូវ និងយល់ពីតួនាទីរបស់ខ្លួនច្បាស់លាស់ មិនជ្រុលនិយម ដូចតារាចម្រៀង តារាសម្ដែង និងតារាកំប្លែង មួយចំនួនឡើយ៕


