ភ្នំពេញ៖ តារាចម្រៀងស្រីរាងស្អាត ពេជ្រ សោភា មិនទាន់បាត់ធុំក្លិនរឿងគេជេរនាងផង ស្រាប់តែពេលនេះដៃគូរជំលោះចាស់របស់នាង បានហែករឿងអាស្រូវក្នុងចេតនាបំបាក់មុខ នាងឲ្យងើបមិនរួច តែនាងហាក់មិនបានរវល់ រឿងអត់ប្រយោជន៍នោះទេ ។ គេនៅចាំបានថាកាល ដើមឆ្នាំ ២០១២ ស្រីស្រស់ ពេជ្រ សោភា បានបង្ហើបថា នាងប្រុងវេចបង្វេចចោល ហង្សមាស ដែលជាទ្រនំធំ ហើយ ទៅរកទ្រនំថ្មីមួយ ដែលកាលនោះ មានការភ្ញាក់ផ្អើលមិនតិចទេ ដោយសារអ្នកណាក៏ដឹងដែរថា ពេជ្រ សោភា ស្លាប់រស់នៅ ហង្សមាស ព្រោះហង្សមាស ជាអ្នកឲ្យនាងស្គាល់អ្វីដែលហៅថា សិល្បៈ និង ជីវិតធូរធាចាកឆ្ងាយពីភាពក្រីក្រលំបាក ដែលនាងជួបប្រទះច្រើនឆ្នាំមកហើយ ។
បន្ទាប់មក ពេជ្រ សោភា ក៏សម្រេចចិត្តមិនចាកចេញវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើល ជាថ្មីម្ដងទៀត ។ តែលើកនេះបែរជាមាន បុគ្គលម្នាក់មកជេរនាងកប់ៗមាត់ តាមបណ្ដាញសង្គមហ្វេសប៊ុក តែនាងមិនតបតទេ សុខចិត្តឲ្យគេជេរចុះ បើគេជេរហត់ គេឈប់ជេរហើយ ។ មួយឆ្នាំក្រោយមកនេះ ថៅកែផលិតកម្មថ្មី បានបង្កើតជាវេបសាយ ពត័មានផ្ទាល់ខ្លួនដើម្បីលើកតម្កើងតារាក្នុងផលិតកម្មរបស់ខ្លួន ដែលមិនសូវ មានប្រជាប្រិយភាព ឲ្យមានការចាប់អារម្មណ៍ ។ តែការលើកតម្កើងនោះ វាហួសការពិតពេក ស្ទើរតែទទួលយកមិនបាន ដោយតារាចម្រៀងក្នុងផលិតកម្មនោះ គ្មានអ្នកណាច្រៀងពីរោះទេ បើមានគឺ ពីរ បី នាក់ប៉ុណ្ណោះ ។
បន្ទាប់មកទៀតវេបសាយនោះ បានចាប់ផ្ដើមហែកហួរ រឿងរ៉ាវចាស់ៗរបស់ ស្រីស្អាត ពេជ្រ សោភា ថា នាងធ្លាប់មានកូន និង មានប្ដីឈ្មោះ ចិន ដែលពេលអានមើលទៅហាក់ដូចជា មិនមែនជាពត័មានទេ តែជាការរៀបរាប់ខុសពីការពិត ក្នុងចេតនាបង្អាប់ និងបង្ខូចកេរ្តិ៍ឈ្មោះនាងទៅវិញ ។ លើសពីនេះ បានរៀបរាប់ពីភាពថយក្រោយ នៃអាជីពសិល្បៈ របស់ ពេជ្រ សោភា ដូចជាមិនបានមើលឃើញសោះថា ពេជ្រ សោភា នាងបានវិវឌ្ឈន៍ ខ្លួនដល់ណាហើយ ។ នាងនៅតែស្ថិតក្នុងតារាស្រីល្បីជួរមុខ ថែមទាំងជាតារាស្រី ដែលលេចធ្លោផ្នែកក្បាច់រាំទៀតផង ជាពិសេសនាងតែងតែដាស់តឿន រំឭកដល់ទស្សនិកជនជារឿយៗ ទាក់ទងនឹងបញ្ហាចរាចរណ៍ថែមទាំង ចំណាយលុយថត និង និពន្ធបទចម្រៀងដោយខ្លួនឯង ដើម្បីឲ្យអ្នកបើកបរមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ព្រោះមនុស្សដែលស្លាប់មិនវិលល្ងាចទេ។
ពេជ្រ សោភា បានដាស់តឿនរំឭកដល់យុវវ័យ ឲ្យស្រលាញ់ការសិក្សា គោរពរដឹងគុណ ឪពុកម្ដាយ កុំសម្លាប់ខ្លួន ដោយសារសង្សារ ព្រោះអនាគត នៅវែងឆ្ងាយណាស់ នាងមិនមែនបានតែនិយាយទេ តែនាងបានចេញជាចម្រៀងបទ សង្សារគ្រាន់តែជាអ្នកដទៃ ដើម្បីលើកទឹកដល់យុវវ័យកុំឲ្យគិតខ្លីរួចមកហើយ ។
ជំនួបតាមទូរស័ព្ទ ពេជ្រ សោភា បានរៀបរាប់ប្រាប់ LookingTODAY ថា ខ្ញុំមិនបានដឹងរឿងគេហែកហួរអ៊ីចឹង នោះទេ បើថាខ្ញុំមានប្ដីមានកូន យកមកបង្ហាញខ្ញុំផង ខ្ញុំមិនខ្វល់នឹងពាក្យសម្ដីគ្មានការពិតនោះទេ។ អ្វីដែលសំខាន់ខ្ញុំសុំត្រឹមតែសុខបានហើយ ចង់និយាយអី គិតមុខគិតក្រោយផង ហើយចង់ផ្សាយពីខ្ញុំ ខ្ញុំមិនកំណាញ់ទេ ខ្ញុំពេញចិត្តនឹងបកស្រាយគ្រប់រឿង ហើយបើខលមិនចូល មកជួបនៅផ្ទះក៏បាន ផ្ទះខ្ញុំមិនបានដូរទៅណាទេ ។ តែក៏អរគុណដែលបានចុះផ្សាយពីខ្ញុំ ។
បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់ ពេជ្រ សោភា រួចមកបានបង្ហាញកាន់តែច្បាស់ថា នាងមិនមែនជាមនុស្សសន្សំរឿងទេ អ្វីដែលសំខាន់នាង សុំត្រឹមសុខ អាចចិញ្ចឹម ពុកម៉ែ នាងឲ្យរស់ស្រួលប៉ុណ្ណោះ ព្រោះនាងមានមុខរបរ តែលក់សំឡេងមួយទេ ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល