ភ្នំពេញ៖ តារាចម្រៀងជើងថ្មីរបស់ផលិតកម្ម ហង្សមាស កញ្ញា ផន នីដា ហៅ ស្រីខួច ដែលនាងទើបតែបង្ហាញ បទចម្រៀងបែបកន្រ្ទឹមជាង១០បទ រួចមក ពេលនេះនាង បានបង្ហាញស្ទីលថ្មីជាមួយ បទបែបមនោសញ្ចេតនា ជាយុវវ័យវិញម្ដង។ អ្នកណាក៏ទទួលស្គាល់ថា នាងជាតារាចម្រៀងច្រៀងបទបែបប្រពៃណី បានពីរោះល្អ ពិសេសនាងជាសិល្បការីនីដែលទទួលកាបណ្ដុះបណ្ដាលពីសាលាវិចិត្រសិល្បៈត្រឹមត្រូវ ។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នាងបានវិលត្រឡប់មករកវេទិការតន្រ្តីជាថ្មី ខណៈដែលនាងបានសម្រាកមួយខែជាង បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ ។ តារាចម្រៀងស្រីរូបនេះបាន បង្ហើសំនៀងយ៉ាងលន្លង់លន្លោច ជាមួយទឹកដម សំនៀងក្រអួនក្រអៅ តាមរយៈបទចម្រៀងយុវវ័យបួនបទ ។ គ្រប់បទសុទ្ធពីរោះៗ ពិសេសអត្ថន័យ កាន់តែអស្ចារ្យ ព្រោះស្ថិតក្រោមស្នាដៃកវីនិពន្ធដ៏ឆ្នើម សុខ ចាន់ផល ។ បទមួយក្នុងចំណោមបួនបទ ដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ គឺ ខុសតាំងពីកើត ដែលបានរៀបរាប់ពីនារី គ្រាន់តែកើតមកម្ដាយនាងរត់ចោល នាងត្រូវតស៊ូលំបាករហូតពេញវ័យ លុះដល់ពេលមានគូស្នេហ៍ ក៏ត្រូវគេបោះបង់ទៀត ដែលពេលស្ដាប់ហើយ ពិបាកទប់អារម្មណ៍ណាស់ សូម្បីតែនាងពេលបកស្រាយផ្ទាល់ ក៏ហាក់រៀងរលីងរលោង ទឹកភ្នែកខ្លួនឯងដែរ ។

កាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងបទចម្រៀងនេះ គឺស្ទីលតែងខ្លួនរបស់ ស្រីខួច បានក្រវ៉ាត់អាវប៉ាក់សំពត់បត់ទៅកៀនជញ្ជាំងសិន រួចបានឆក់រ៉ូប ស៊ីវិល័យឆើតឆាយវិញម្ដង ពេលនាងស្លៀកសម្លៀកបំពាក់បែបបុរាណ ហាក់បីដូចជានារីខ្មែរម្នាក់ រម្យទម សុភាពរាបសារ តែដល់យុវវ័យវិញ នាងក៏ក្លាយជានារីដ៏ស្រស់ឆើតឆាយ ស្ទើរតែមើលមិនដឹងថា ជាមនុស្សតែម្នាក់ ។

ជំនួបជាមួយ LookingTODAY ស្រីស្អាត ផន នីដា បាននិយាយថា នេះជាលើកទី១ ដែលនាងឡើងច្រៀងបទយុវវ័យក្នុងផលិតកម្ម ហង្សមាស តាមពិតទៅបទបែបនេះ មិនមែនមិនធ្លាប់ច្រៀងទេ ច្រៀងរួចមកហើយ កាលនៅផលិតកម្មចាស់ ។ នាងនឹងឡើង តាមបណ្ដាស្ថានីយដទៃទៀតផងដែរ ។ មិនដឹងថា អាចទទួលការគាំទ្របានកម្រិតណាទេ តែបានប្រឹងប្រែងយ៉ាងអស់សមត្ថភាព ។

ផន ស្រីខួច ទើបតែបញ្ចេញស្នាដៃបានពីរប៉ុណ្ណោះ បើតាមស្ដាប់ឮនាងនៅមានអ្វី ដែលពិសេស ជាងនេះទៅទៀត ព្រោះកាលនៅផលិតកម្មចាស់ នាងបានរ៉េបរបៀបឌីជេ ផ្អើលភូមិម្ដងរួចទៅហើយ ឯក្បាច់រាំវិញ នាងក៏មិនអន់ដែរ ។ ចំណែករឿងស្នេហាតារាចម្រៀងរូបនេះ មិនទាន់បាននិយាយទេ ខណៈដែលសារព៌ត័មានមួយ ចំនួនចូលចិត្តថា នាងស្រលាញ់គ្នាជាមួយអ្នកនេះ អ្នកនោះ ។

ផន នីដា ហៅ ស្រីខួច ក៏មានអង្គរក្សពិសេសផ្ទាល់ខ្លួនគ្រប់ពេល ដែលនាងទៅណាមកណា តែងបង្ហាញវត្តមានជានិច្ច គឺលោកឪពុកជាទីស្រលាញ់របស់នាង ដែលតែងតែការពារនិងលើកទឹកចិត្តកូនស្រីគ្រប់ពេល គាត់ក៏ជារនាំងមួយ ក្នុងការការពារ ស្រីខួច ពីសំណាក់កន្លង់ក្បាលខូចមួយចំនួន ដែលមកចែចង់ ស្រីស្អាតថ្ពាល់ខួចរូបនេះ៕

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល