ក្រលេកមកមើលតារាចម្រៀងសម្លេងវែង ឆាយ វីរៈយុទ្ធ ដែលបានបាត់មុខមួយរយៈធំហើយបានបង្ហាញខ្លួនជាមួយអាល់ប៊ុមចម្រៀងថ្មីជាមួយផលិតកម្មសាន់ដេ ហើយជាមួយគ្នានេះផងដែរគឹក៏បានឮល្ហៀងៗ ថាលោក ឆាយ វីរៈយុទ្ធ កំពុងតែរើបង្វិច រៀបចំផ្លាស់ទ្រនំទៅកាន់សាខាផលិតកម្មថ្មីរបស់ ហង្សមាស គឺ PhlengRecord។
តែបើតាមគេហទំព័រ Postkhmer ដែលបានចុះទៅជួបជាមួយលោក ឆាយ វីរៈយុទ្ធ ផ្ទាល់បានឲ្យដឹងថាពាក្យចចាមអារាម ដែលថាលោក ឆាយ វីរៈយុទ្ធ ចង់រើបង្វិចផ្លាស់ទៅច្រៀងនៅ សាខាថ្មីរបស់ ហង្សមាស នោះមិនមែនជាការពិតនោះទេ។ផ្ទុយទៅវិញតារាច្រៀងដែលយុវវ័យរូបណាក៏ស្គាល់រូបនេះបានសម្ដែងការហួសចិត្តជាខ្លាំងដោយលោកបានប្រាប់តបចំពោះពាក្យចចាមអារាមនោះថា មិនដឹងជាត្រូវបកស្រាយប្រាប់សារព័ត៌មាននិងទស្សនិកជនយ៉ាងណានោះទេ ហើយក៏មិនដឹងត្រូវមានវិធានការ ជាមួយគេហទំព័រនោះយ៉ាងណានោះដែរ បើពួកគេទទួលបានព័ត៌មានបែបកំប្លែងលេងពីតាមតៀមកាហ្វេ ឬពីជនអនាមិកមានបំណងមិនល្អពីខ្ញុំហើយគាត់យកមក សរសេរចុះផ្សាយជាសាធារណៈ ដោយគ្មានការពិតបែបនេះ។
លោកក៏បានបញ្ជាក់ពីជំហរដ៏រឹងមាំរបស់លោកផងដែរថា ខ្ញុំមិនមានគំនិតគិតចង់ដើរចេញពីផលិតកម្មសាន់ដេឡើយ សូម្បីតែកូនគំនិតដ៏តូចមួយក៏មិនមានដែរ។ ជុំវិញការឈានចូលផលិតកម្មសាន់ដេ នេះផងដែរ លោកក៏បានបង្ហើបអោយដឹងផងដែរថាលោក ឆាយ វីរៈយុទ្ធ ក៏មានគំរោងក្នុងការនាំប្អូនស្រីរបស់ខ្លួន ចូលប្រលូកក្នុងសិល្បះផងដែរតែលោកបានបញ្ជាក់ថា រឿងនេះសុំលាក់សិនមិនទាន់អាចនិយាយបានទេ តែប្អូនស្រីខ្ញុំគេពិតជាមានទឹកដមសំឡេងល្អតាំងពីកំណើតហើយក៏មិនចាញ់សំឡេងខ្ញុំដែរ។យើងចាំមើលដំណើររឿងបន្តទៀតទៅមើល តើនឹងទៅជាយ៉ាងណា?
ដោយ៖ ម៉ូកាប្រែសម្រួលអត្ថបទពី៖ Postkhmer