ប៉ុន្មានថ្ងៃមកនេះមានការភ្ញាក់ផ្អើលពេញបណ្ដាញ Forum របស់វៀតណាម ដោយសាររូបភាពមួយដែលបង្ហាញពីសត្វចម្លែកហែលនៅក្នុងទន្លេក្រហមទីក្រុងហាណូយ។/វាបានក្លាយជារូបភាពមួយដែលមនុស្សគ្រប់គ្នានិយាយពីវា ដោយមានអ្នកអះអាងថាវាជាបីសាចឬសត្វចម្លែកដែលហែលនៅក្នុងទឹក។ បុរសដែលជាអ្នក Post រូបនេះឡើងបានសរសេររៀបរាប់លើបណ្ដាញថាគាត់បានជួបហេតុការណ៍នេះនៅពេលដែលគាត់កំពុងតែស្ទូចត្រីនៅលើទូកដែលកំពុងតែបណ្ដែតលើផ្ទៃទឹកទន្លេក្រហមនៅក្នុងទីក្រុងហាណូយ ហើយគាត់បានឃើញវាពីចំងាយវាជាអ្វីម្យាងដែលកំពុងតែហែលក្នុងទឹក មានប្រវែងវែង គាត់បានប្រាប់ផងដែរថាគាត់មានការតក់ស្លុតជាខ្លាំងក្រោយពេលបានជួបហេតុការណ៍នេះ សឹងតែពេលយប់គាត់គេងមិនលក់ទៀតផង។ រូបភាពនេះគេអាចដឹងបានថាគឺថតនៅក្បែរស្ពាន Thanh Tri ទន្លេក្រហមទីក្រុងហាណូយប្រទេសវៀតណាម ហើយបើមើលទៅគឺគេថតវានៅពេលថ្ងៃរៀបលេចនៅម៉ោងប្រមាណ ៥ ជិត ៦ ល្ងាច។ទោះជាយ៉ាងណាក្ដីក៏រូបភាពមួយនេះមិនមានការបញ្ជាក់ច្បាស់លាស់ក៏ដូចជាមានការជឿជាក់ពីសំណាក់មហាជនទូទៅនោះទេ ព្រោះនៅមានអ្នកដែលមិនយល់ស្រប ហើយគិតថាវាជារូបភាពដែលគេកាត់ កែតាមកម្មវិធីផ្សេងៗ ហើយម្ចាស់រូបថតប្រហែលជាចង់ធ្វើអោយខ្លួនល្បីមួយពេលតែប៉ុណ្ណោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14