ភ្នំពេញៈ កាលពីកន្លងទៅតារាចម្រៀង វ័យក្មេងសាច់សខ្ចី ប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី បានលេចឮពត៌មានរអេករអូច ពីមាត់មួយទៅមាត់មួយថា មានបុរសវ័យជាង ៣០ ឆ្នាំនិងជាអ្នកជំនួញម្នាក់ តាមប្រមាញ់បេះដូង សុំស្នេហ៍ពីនាង ។ តែមិនទាន់បានប៉ុន្មានផងព័ត៌មាននេះ ត្រូវបានសាបសូន្យ ដូចអំបិលត្រូវទឹក បន្ទាប់ពីតារាចម្រៀងក្រមិចក្រមើម សម្រស់ស្រស់ផូរផង់កញ្ញា យូរី បានចេញមុខបកស្រាយប្រាប់ គេហទំព័រ LookingTODAY កាលពីពេលកន្លងទៅថ្មីៗនេះ ។
បច្ចុប្បន្ននេះមហាជន និងស្រទាប់យុវវ័យមើលឃើញថា ប្រជាប្រិយភាព របស់តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ហាក់ទទួលបាន ការគាំទ្រយ៉ាងខ្លាំង ចាប់តាំងពីនាងចូលមកដល់ទ្រនំផលិតកម្មសាន់ដេ ។ មិនតែប៉ុណ្ណោះបទចម្រៀងរបស់នាង ដែលបានចរាចរលក់នៅលើទីផ្សារ ក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំងផងដែរ ពីសំណាក់ស្រទាប់យុវវ័យ ។
ក្នុងជំនួបជាមួយ LookingTODAY ស្រីស្រស់សម្បូរមន្តស្នេហ៍កញ្ញា យូរី បាននិយាយប្រាប់ថា បច្ចុប្បន្ននាងមានការមមាញឹកយ៉ាងខ្លាំង ព្រោះនាងត្រូវឡើងចុះទៅច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី នៅតាមបណ្តាខេត្តនានាជារៀងរាល់សប្តាហ៍ ដោយសារនាងជាប់ កិច្ចសន្យាជាមួយ ក្រុមហ៊ុនជាច្រើន ។
នៅក្នុងជំនួបនោះ កញ្ញា យូរី បានឲ្យដឹងបន្ថែមទៀតថា នៅពេលខ្ញុំទៅច្រៀង នៅតាមឆាក ប្រគំតន្ត្រីម្តងៗ ខ្ញុំតែងតែមានអ៊ំទៅតាមជាមួយជាប់ជានិច្ច ហើយជួនកាល បងប្អូនគាត់ជូនខ្ញុំទៅ គាត់មិនដែលឲ្យខ្ញុំ ទៅតែម្នាក់ឯងនោះទេ ។
សូមបញ្ជាក់ថា ខណៈការងារសិល្បៈកំពុងតែ មមាញឹកនឹងរវល់បើកលុយ នៅតាមបណ្តាខេត្ត តារាចម្រៀងវ័យក្មេងសំឡេងត្រូវចិត្ត យុវវ័យ កញ្ញា យូរី បានភ្ជួរការសិក្សាថ្នាក់ បរិញ្ញប័ត្ររបស់នាង ដោយមកស្រវាសិល្បៈ និងសាងកេរ្តិ៍ឈ្មោះឲ្យល្បីសុះសាយ លើមាគ៌ាសិល្បៈសិន ហើយគេក៏មិនដឹងដែរថា យូរី នឹងបន្តការសិក្សា នៅពេលណានោះដែរ ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល