ហុងកុង ៖ តារាសម្តែងស្រី Myolie Wu ដែលមានកេរ្តិ៍ឈ្មោះ ក៏ដូចជាមានភាពល្បីល្បាញនៅក្នុងពិភពសិល្បៈក្នុងទីក្រុងហុងកុង បានបញ្ជាក់ ក្នុងអំឡុងកម្មវិធីសន្និសិទកាសែតកាលពីថ្ងៃពុធ ក្នុងការដាក់បញ្ជាំងនូវរឿងថ្វីរបស់នាង Ghetto Justice II បានអោយដឹងថា នាងបានបែកគ្នាជាមួយនឹងមិត្តប្រុសរបស់នាងហើយ ពោលគឺលោក Bo-sco Wong ដែលគាត់ក៏ជាតារាសម្តែងប្រុសផងដែរ។
តារាសម្តែងស្រីរូបនេះ បានបង្ហាញអោយដឹងថា នាងមានអារម្មណ៍រាងរំជួលចិត្តបន្តិចស្របពេលដែលឆ្លើយសំនួររបស់ប្រព័ន្ធផ្សព្វផ្សាយនាឧកាសនោះ ហើយនាងក៏សូមធ្វើការបដិសេធ ដោយមិនបានបង្ហើបប្រាប់ ពីមូលហេតុ ដែលនាំអោយពួកគេឈានដល់ដំណាក់កាលចែកផ្លូវគ្នានេះ ។

Myolie Wu ក៏បាននិយាយបញ្ជាក់បន្ថែមនៅក្នុងសន្និសិទកាសែតនោះផងដែរថា ៖ អោយនាងសុំទោស តែ នាងពិតជាមិនចង់និយាយរឿងអាក្រក់ៗ របស់អតីតដៃគូស្នេហារបស់នាងនោះទេ ហើយ ការសំរេចចិត្តនៅក្នុងការចែកផ្លូវគ្នានេះ គឺធ្វើទៅបានដោយមានការយល់ព្រមភាគីទាំងសងខាង ដោយនាងបានបញ្ជាក់យ៉ាងច្បាស់ថា មូលហេតុចម្បងនៃការចែកផ្លូវនេះ មិនមែនមកពីមានការពាក់ព័ន្ធពីអ្នកទី 3 នោះទេ។

លើសពីនេះទៅទៀត បើយោងតាមភាគីបុរស គឺលោក Bosco Wong ក៏បានបញ្ជាក់បន្ថែមផងដែរថា អារម្មណ៍ដែលពួកគេមាននៅពេលនេះ មិនដូចជា កាលដែលគេបានចាប់ផ្តើមវាដំបូងឡើយ ហើយបើនិយាយពីសំនួរដែលបានចោទសួរថា តើទំនាក់ទំនងរបស់ពួកគេអាចនឹងដូចដើមវិញឬយ៉ាងណា? លោក Wong បាននិយាយថា ៖ វាសម្រេចទៅតាមព្រេងវាសនាទៅចុះ ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ channelnewsasia