ភ្នំពេញ៖ ថ្មីៗនេះលេចឮព័ត៌មានមកថា តារាសម្តែងវ័យក្មេង កញ្ញា ហ៊ុយ ច័ន្ទរាជនី កំពុងតែសម្ងំរៀបចំ បើកហាងលក់សាច់អាំង និង ស៊ុបនៅក្បែមជ្ឈមណ្ឌល កំសាន្តកោះពេជ្រ ដែលត្រូវចំណាយលុយ មិនតិចជាង៣ ម៉ឺនដុល្លារនោះទេ។ ប្រភពពីអ្នកជិតស្និទ្ធ នឹងតារាសម្តែងស្រី កញ្ញា ហ៊ុយ ច័ន្ទរាជនី បាននិយាយឱ្យដឹងថា ពេលនេះ រាជនី កំពុងតែឡើងកូដ និង កាក់កបយ៉ាងខ្លាំង ជាមួយអាជីពសិល្បៈ។ មិនតែប៉ុណ្ណោះថ្មីៗ នេះនាងបានចំណាយ លុយជាង៣ម៉ឺនដុល្លារ ដើម្បីបើកហាង លក់សាច់អាំង ស៊ុប និង គ្រឿងសមុទ្រ នៅម្តុំកោះពេជ្រ ទៀតផង។
ប្រភពដដែលបានបន្តថា ពេលនេះតារាស្រី ហ៊ុយ ច័ន្ទរាជនី កំពុងតែមមាញឹកជាខ្លាំង ក្នុងការរៀបចំការ បើកជំនួញថ្មីផ្ទាល់ខ្លួន ដែល គ្រោងនឹង ចាប់ផ្តើមដំណើរការបើកលក់ ក្នុងពេលដ៏ឆាប់ៗខាងមុខ នេះ។ ម្យ៉ាងទៀត គេក៏ឧស្សាហ៍ឃើញនាង ចេញចូលទៅកន្លែងនោះផងដែរ។
ឆ្លើយឆ្លងជាមួយគេហទំព័រ LookiongTODAYតាមទូរស័ព្ទនា ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣នេះ កញ្ញា ហ៊ុយ ច័ន្ទរាជនី បាននិយាយដោយ ធ្វើការបដិសេធថា តាមពិតទៅហាងនេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់បង ប៉ុន្តែគេចេះតែយល់ច្រឡំថា ជារបស់ខ្ញុំ...មិនមែន ជាហាងរបស់ខ្ញុំទេ។ រាជនី បានបន្តថា ចំពោះអ្វីដែលនាំឱ្យគេ មានការយល់ច្រឡំថា ជាហាងរបស់នាងនោះ ដោយសារតែពេលទំនេរនាង ឧស្សាហ៍ចេញចូល ជួយទៅមើលការខុសត្រូវ លើការសាងសង់ ជំនួសបងម្តងម្កាល តែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ មិនទាន់បានចាប់ផ្តើម ដំណើរការទេ គឺក្រុមជាងកំពុង តែធ្វើនៅឡើយ ។ និយាយទៅគឺពុំទាន់រៀប ចំហើយរួចរាល់នោះទេ ប្រហែលជាង កន្លះខែទៀត ទើបចាប់ផ្តើម ដំណើរការបើកលក់។
កញ្ញា ហ៊ុយ ច័ន្ទរាជនី បានបញ្ជាក់ថា លុយដែលចំណាយ លើការបើកហាងនេះ គឺប្រមាណជា២ឬ៣ ម៉ឺនដុល្លារ ដែលមានទីតាំងស្ថិត នៅជិតកោះពេជ្រ។ ហាងនេះមានឈ្មោះថា ផ្ទះត្រាវ ដែលមានលក់គ្រឿង ក្លែមគ្រប់មុខ ដូចជា សាច់អាំង គ្រឿងសមុទ្រ និងស៊ុបជាដើម។ រាជនី បន្ថែមថា សូមបញ្ជាក់ប្រាប់ ឱ្យច្បាស់ម្តងទៀត ពុំមែនជាហាង ដែលនាងបើកដោយ ខ្លួនឯងនោះទេ គឺជាកម្មសិទ្ធរបស់បង នាងដោយផ្ទាល់។
តារាសម្តែង និងជាអតីត Freshie Girl លេខ១ ប្រចាំឆ្នាំ២០១១ កញ្ញា ហ៊ុយ ច័ន្ទរាជនី មួយរយៈនេះហាក់ ដូចជាកំពុងឡើងកូដ និង កាក់កប ជាមួយមុខអាជីពសិល្បៈ តាមរយៈការសម្តែង ខ្សែភាពយន្ត ការថតស្ប៉តពាណិជកម្ម និង សម្តែងឈុត កាយវិការខារ៉ាអូខេ ឲ្យបណ្តាផលិតកម្ម តូចធំមួយចំនួន។ ការលេចមុខលេចមាត់ នៅក្នុងលើទីផ្សាសិល្បៈ យ៉ាងក្រាសក្រែលមកនេះ បានធ្វើឲ្យមហាជន ទទួលស្គាល់ និង គាំទ្រចំពោះសមត្ថភាព នៃការសម្តែងរបស់ តារាស្រីសាច់ស ហ៊ុយ ច័ន្ទរាជនី រហូតធ្វើឲ្យប្រជាប្រិយភាព កាន់តែមានការលេចធ្លោ ឡើងៗជាលំដាប់ ៕
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល