Los Angeles ៖ បើយោងតាមសម្តីមន្រ្តីផ្លូវការ បានអោយដឹងថា ផលិតករខ្សែភាពយន្ត Hollywoodដ៏ល្បី គឺលោក Tony Scott បានលោតទឹកធ្វើអត្តឃាតបានសំរេច កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះពោលគឺលោតពីស្ពាន នា Los Angeles Harbor ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា លោក Scott ដែលមានវ័យ 68 ឆ្នាំហើយនោះ ត្រូវបានគេប្រទះឃើញចតរថយន្តនៅលើស្ពាន Vincent Thomas Bridge ហើយក៏បានលោតចុះពីលើស្ពាននេះ នាម៉ោង 12:30 នាទីរសៀល (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក) ដែលក្រោយមកសាកសពរបស់គាត់ត្រូវបានគេរកឃើញនៅវេលាម៉ោង 3 រសៀលក្នុងថ្ងៃដដែលនោះ។

គួររំឮកផងដែរថា បើយោងទៅតាមការស៊ើបអង្កេត ពីក្រុមអ្នកជំនាញជំហានដំបូង បានបញ្ជាក់អោយដឹងថា គ្មានសញ្ញាណ ក៏ដូចជាតំរុយណាមួយផ្សេងទៀតនោះទេ ក្រៅពីការអោយដឹងថាគាត់ប៉ុនប៉ងធ្វើអត្តឃាត។
ទន្ទឹមនឹងការបាត់បង់ផលិតកររូបនេះ សារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់ពីសមិទ្ធផលដែលគាត់ទទួលបានជោគជ័យតាមរយៈស្នាដៃរបស់គាត់ ពោលគឺខ្សែភាពយន្តដែលមានឈ្មោះថា Top Gun ដែលទទួលបានការគាំទ្រ ក៏ដូចជាមានភាពជោគជ័យយ៉ាងខ្លាំង ស្របពេលដែលវាបានរកប្រាក់ចំណូលបានច្រើនជាង$176 million នាឆ្នាំ 1986 ។

ក្រៅអំពីខ្សែភាពយន្ត Top Gun, លោក Scott ក៏បានដឹកនាំខ្សែភាពយន្តល្បីៗមួយចំនួនផ្សេងទៀតផងដែររួមមានដូចជា ៖ Enemy of the State, Beverly Hills Cop II, Spy Game, Unstoppable នឹង Crimson Tide, ផងដែរ ។ គួរបញ្ជាក់ផងដែរថា មូលហេតុចម្បងដែលបានធ្វើអោយផលិតករ Hollywood រូបនេះ ឈានទៅដល់ការលោតទឹកធ្វើអត្តឃាតនោះ មិនទាន់ដឹងច្បាស់នៅឡើយទេ ដោយវាកំពុងតែស្តិតនៅក្នុងការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ Asiaone