ខែធ្នូបានឈានចូលមកដល់ហើយសម្រាប់ចុងឆ្នាំ ២០១២ នេះ Legend Cinema បាននាំយកនូខ្សែភាពយន្តលំដាប់កំពូលដើម្បីមកចាក់បញ្ចាំងជាកាដូរចុងឆ្នាំជូនប្រិយមិត្តទាំងអស់គ្នា ហើយថ្ងៃនេះCamnews ក៏ចង់ណែនាំខ្សែភាពយន្តនេះដែរ គឺរឿង Life of Pi។
ខ្សែភាពយន្តរឿង Life of Pi គឺជាខ្សែភាពយន្តដែលត្រូវបានដឹកនាំការសម្ដែងដោយ អ្នកដឹកនាំរឿងជនជាតិតៃវ៉ាន់ និងជាម្ចាស់ពានរង្វាន់ Oscar លោក Ang Lee មានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងឥណ្ឌាល្បីឈ្មោះ ដូចជា Suraj Sharma, Irrfan Khan, Adil Hussain និងនាង Tabu ជាខ្សែភាពយន្តដែលចំណាយទឹកប្រាក់ក្នុងការថតអស់ចំនួនជាង ១២០ លានដុល្លា។
ខ្សែភាពយន្តនេះត្រូវបានគេថតតាមសៀវភៅប្រលោមលោករឿង Life of Pi ដ៏ល្បីល្បាញរបស់អ្នកនិពន្ធ Yann Martel ដែលបានបោះពុម្ភកាលពីឆ្នាំ ២០០១ ដែលសាច់រឿងនេះគឺនិយាយពីជីវិតរបស់លោក Pi Patel ដែលជាជនជាតិឥណ្ឌា ដែលមករស់នៅប្រទេសកាណាដា បាននិទាននូវសាច់រឿងជីវិតផ្សងព្រេងរបស់គាត់ប្រាប់ទៅ អ្នកនិពន្ធរឿងប្រលោមលោកម្នាក់ដែលបានមករកគាត់សុំអោយនិយាយរឿងប្រាប់ដើម្បីជាគំនិតក្នុងការសរសេររឿងថ្មី។
តែអ្វីដែលលោក Pi Patel នឹងនិយាយប្រាប់អ្នកនិពន្ធរូបនោះគឺជាសាច់រឿងមួយដែលអស្ចារ្សសឹងតែមិនគួរអោយជឿ។ ក្នុងវ័យ ១៦ ឆ្នាំគាត់បានជួបប្រទះស្នេហាដំបូងរបស់គាត់ តែដោយសារតែឪពុកម្ដាយរបស់គេត្រូវ ផ្លាស់សួនសត្វទៅកាន់ប្រទេសកាណាដាទើបគេត្រូវបែកចេញពីនារីជាទីស្រលាញ់ដើម្បីធ្វើដំណើរឆ្លងកាត់សមុទ្ទ មកប្រទេសកាណាដា ដែលនៅមួយចំហៀងផែនដីពីទឹកដីកំណើត។ ក្នុងដំណើរតាមសមុទ្ទ ព្យុះបានពន្លិចនាវារបស់គេដែលមានផ្ទុកទៅដោយសត្វផ្សេងៗហើយអ្វីៗដែលអស្ចារ្សក៏បានចាប់ផ្ដើមកើតមាន។
ខ្សែភាពយន្តនេះ ត្រូវបានគេស្គាល់ថាជាខ្សែភាពយន្តដែលអ្នករាល់គ្នាទទួលស្គាល់ ដោយទទួលបានការដាក់ពិន្ទុដល់ទៅ ៨.៤ លើ ១០ ហើយក្នុងសប្ដាហ៍នេះខ្សែភាពយន្ត Life of Pi នេះគឺឋិតនៅលំដាប់លេខ ២ ក្នុងតារាងរបស់ iMDb។ ហើយខ្សែភាពយន្តនេះក៏ត្រូវបាននាំយកមកកម្ពុជាផងដែរដែលមានចាក់បញ្ចាំងហើយនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕
ដោយ៖ ម៉ូកា