កាលពីរាត្រី ថ្ងៃទី ២៥ ខែឧសភា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទចល័តមិត្តហ្វូន បានធ្វើការប្រគំតន្រ្តីដ៏ធំប្រចាំឆ្នាំរបស់ខ្លួន នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយបានអញ្ជើញតារាចម្រៀងប្រុសស្រី លំដាប់កំពូលៗ នៅប្រទេសកម្ពុជាដែលរួមមាន ដូចជា លោក ព្រាប សុវត្ថិ លោកឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា អ្នកនាង យក់ ឋិតរដ្ឋា លោក ខេមរៈ សិរីមន្ត លោក ឆាយ វីរៈយុទ្ធ លោក នីកូ និង លោក រ៉ូលីន ។
តារាមួយដួងៗ សុទ្ធតែខិតខំប្រឹងប្រែង បញ្ចេញនូវទេពកោសល្យរបស់ខ្លួន រៀងៗខ្លួន ដោយលើកយក នូវបទចម្រៀងល្បីៗ ពេញនិយម រួមជាមួយក្បាច់រាំ ដ៏រស់រវើក អមដោយសម្លៀកបំពាក់ ប្លែកៗដើម្បីទាក់ទាញយក ប្រជាប្រិយភាព ពីសំណាក់ទស្សនិកជន ដែលបានចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅរាត្រីនោះ។
ដូចអ្វីដែលបានស្មានទុក ការចូលរួមពីសំណាក់តារាចម្រៀងល្បីៗលំដាប់កំពូល ពិតជាបានធ្វើឲ្យកក្រើកឆាកតន្រ្តី Imuzik 2013 មែន ប៉ុន្តែអ្វីដែលចាប់អារម្មណ៍មួយនោះ ត្រង់ថា តារាចម្រៀង ឆន សុវណ្ណរាជ នៅតែបន្តលើកយកបទញាក់មួយបទ មានចំណងជើងថាៈ Get On the Floor មកបកស្រាយនៅរាត្រីនោះ ហាក់ដូចជាមិនបានខ្វាយខ្វល់ ឈឺក្បាលវិលមុខ ជាមួយពាក្យសំដីរិះគន់ចំៗស្តីពីការលួចចម្លងបទនេះ ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រជនជាតិវៀតណាមឡើយ។

គួរបញ្ជាក់ផងដែរ កាលពីពេលថ្មីនេះ គេហទំព័រល្បីល្បាញមួយនៅប្រទេសវៀតណាម បានចុះផ្សាយនូវអត្ថបទមួយ ស្តីពីការលួចចម្លងបទចម្រៀងល្បីៗមួយចំនួនរបស់គេ ក្នុងនោះក៏មានបទ Get On the Floor ផងដែរ ហើយទទួលបានការរិះគន់យ៉ាងច្រើន ទាំងខាងប្រិយមិត្តវៀតណាមនិងប្រិយមិត្តខ្មែរយើង។
ខាងក្រោមនេះ គឺជាវីដេអូបទចម្រៀងដែលតារាចម្រៀង ឆន សុវណ្ណរាជ លើកយកមកបកស្រាយនៅក្នុងការប្រគំតន្ត្រី Imuzik 2013 កាលពីរាត្រីថ្ងៃទី ២៥ ខែឧសភា ដែលបទ Get On the Floorនៅខាងចុងនៃវីដេអូ។ ទស្សនាទាំងអស់គ្នា ៖
ដោយ៖ សិលា