មនុស្សយើងកើតមក រមែងតែងតែចង់បានការរស់នៅក្នុងជីវភាពធូរធារប្រកបដោយសុភមង្គល។ដូច្នេះដើម្បីបំពេញនូវមហិច្ឆិតា និងគោលបំណងនេះគឺមានតែការប្រលូកចូលទៅក្នុងការងារជំនួញ(រកស៊ី)ទេ ទើបអាចធ្វើឲក្តីស្រមៃរបស់យើងក្លាយជាការពិតបាន។

ជាក់ស្តែងការបង្កើតនូវមុខរបរជំនួញ វាមិនមែនជារឿងងាយស្រួលដែលអ្នកណាៗក៏អាចធ្វើបានប្រកបដោយភាពជោគជ័យនោះដែរ គឺមានមនុស្សមួយចំនួនបានប្រលូកចូលក្នុងការងារនេះបានតែមួយរយះពេលខ្លីប៉ុណ្ណោះក៏ដួលរលំទៅវិញ។ តើអ្នកមានដឹងទេថា ភាពបរាជ័យនេះបណ្តាលមកពីកត្តាអ្វីខ្លះ?ខាងក្រោមនះគឺជាកត្តាមួយចំនួនដែលធ្វើឲអាជីវកម្មទទួលបរាជ័យ៖

១. ខ្វះបទពិសោធន៍

ការងារជំនួញវាមិនមែនជារឿងស្រួលៗ ដែលអាចធ្វើបានតាមតែចិត្តនឹកឃើញនោះឡើយ។វាទាមទារឲយើងម្នាក់ៗគិតពិចារណាឲបានច្បាស់លាស់ពីផលចំណេញក៏ដូចជាផលប៉ះពាល់ ដែលកត្តានេះទាមទារឲយើងត្រូវមានបទពិសោធន៍គ្រប់គ្រាន់លើអាជីវកម្មដែលយើងចង់បង្កើតនោះ។បើសិនជាខ្វះបទពិសោធន៍ហើយ យើងមិនអាចទទួលបានជោគជ័យលើអាជីវកម្មបានឡើយ។

/

២. គ្រាន់តែចង់ធ្វើជាសហគ្រិន(ថៅកែ)

ការដែលគ្រាន់តែចង់ធ្វើជាសហគ្រិន ក៏ជាកត្តាមួយដែលធ្វើឲអាជីវកម្មបរាជ័យដែរ។ មានមនុស្សមួយចំនួនដោយសារភាពជោររបស់ខ្លួន ដោយចង់បានឈ្មោះជាថៅកែ គឺមិនបានគិតអ្វីច្រើននៅពេលចង់បង្កើតអាជីវកម្មឡើយ។ ពួកគាត់ចង់បង្កើតឡើងដើម្បីបានឈ្មោះជាថៅកែ សំរាប់បង្អួតអ្នកដ៏ទៃប៉ុណ្ណោះ។ ជាឧទាហរណ៍កាលពីប៉ុន្មានឆ្នាំមុន ខ្មែរយើងពេលជួបគ្នាម្តងៗគេនិយមហុចឲគ្នានូវនាមប័ណ្ណ(Name Card)។ ពេលគេមើលក្នុងនាមប័ណ្ណ គឺតែងមើលនូវមុខតំណែងដែលធ្វើ។ដូច្នេះនៅពេលដែលខ្លួនមានងារជាថៅកែ ធ្វើឲខ្លួនគិតថា មានមោទនភាព ឬខ្លួនអស្ចារ្យជាដើម។

៣. ខ្វះហិរញ្ញវត្ថុ និងវិបត្តិសាច់ប្រាក់

ហិរញ្ញវុត្ថុគឺមានសារសំខាន់ណាស់សំរាប់ការបង្កើតនិងដំណើរការលើអាជីវកម្ម។យើងមិនអាចប្រកបអាជីវកម្មណាមួយដោយមិនប្រើប្រាស់នូវដើមទុននោះឡើយ។ ដូច្នេះនៅពេលដែលខ្វះហិរញ្ញវត្ថុហើយនោះ អាជីវកម្មរបស់យើងនឹងប្រឈមមុខការដួលរលំមិនខាន។ ជាទូទៅតាមទ្រឹស្តីអាជីវកម្មយើងត្រូវមានប្រាក់បំរុង៣០%នៃដើមទុនសរុបក្នុងការបង្កើតអាជីវកម្ម ដើម្បីទប់ទល់នឹងការខាតបង់ប៉ុន្មានខែដំបូង(មិនទាន់មានការស្គាល់ច្រើនពីសំណាក់អតិថិជន)នៃការធ្វើអាជីវកម្មនោះ។

/

៤. ទំហំនៃការលក់មិនគ្រប់គ្រាន់

ក្នុងន័យនេះគឺចង់សំដៅទៅលើការផ្គត់ផ្គង់ទំនិញឬសេវាកម្មរបស់យើងមិនគ្រប់គ្រាន់ ក្នុងការឆ្លើយតមទៅនឹងតំរូវការរបស់អតិថិជន។ ឧទាហរណ៍ដូចជានៅពេលដែលអតិថិជនមកទិញទំនិញ ឬសេវាកម្មរបស់យើង ប៉ុន្តែខាងយើងមិនមានបរិមាណគ្រប់គ្រាន់សំរាប់លក់​ ឬក៏គ្មានប្រភេទរឺសេវាកម្មទាំងនេះសំរាប់ពួកគាត់ វានឹងធ្វើឲអតិថិជនដើរចេញទៅរកកន្លែងផ្សេង ដែលជាកត្តានាំឲបាត់បង់អតិថិជន(ដាច់ម៉ូយ) ក៏ដូចជាបាត់បង់ប្រាក់ចំណូល ដែលជាកត្តាជះឥទ្ធិពលធ្វើឲអាជីវកម្មទទួលបរាជ័យ។

ដើម្បីជួយសំរួលដល់ការអានរបស់ប្រិយមិត្តកុំឲមានចំនួនច្រើនពេក ខ្ញុំសូមទុកនូវកត្តាមួយចំនួនទៀតទៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ ការរៀបរាប់ខាងលើនេះ គ្រាន់តែជាចំនេះដឹងដ៏តិចតួចស្ដួចស្តើងដែលខ្ញុំបានសិក្សាតែប៉ុណ្ណោះ(មិនមានជាគំនិតរបស់camnewsឡើយ) ដូច្នេះកំហុសខុសឆ្គងប្រាកដជាកើតមានដោយចៀសមិនផុត​ សូមប្រិយមិត្តទាំងអស់មេត្តាអាធ្យាស្រ័យដល់ខ្ញុំបាទផង។ ហើយខ្ញុំបាទរង់ចាំស្វាគមន៍ជានិច្ចនូវរាល់មតិរិះគន់ដោយក្តីរីករាយជាទីបំផុត៕

ដោយ៖ និស្ស័យប្រភព៖nissay