ភ្នំពេញ: នៅថ្ងៃទី១៣មិថុនាខាងមុខនេះ ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំរបស់កម្ពុជានឹងស្វាគមន៏ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំរបស់ហ្វីលីពីនក្នុងការប្រកួតជាមិត្តភាពនៅក្នុងទឹកដីរបស់ខ្លួន។នេះជាការប្រកួតកម្ដៅសាច់ដុំជាលក្ខណៈអន្តរជាតិលើកទី២ ហើយរបស់ក្រុមកម្ពុជាបន្ទាប់ពីលេងកម្ដៅសាច់ដុំជាមួយក្រុមជម្រើសក្រុងហូជីមិញកន្លងមកថ្មីៗនេះ។ លោកវ៉ាន់ លី អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថាក្រុមកម្ពុជា បានចាត់ទុកថា នេះជាការប្រកួតដ៏សំខាន់បំផុតមួយដើម្បីវាស់ស្ទង់សមត្ថភាពរបស់ ក្រុមកម្ពុជាដ៏សំខាន់មួយទៀត។

ក្រុមជំរើសជាតិU-22 កម្ពុជា
ក្រុមកម្ពុជាត្រូវចេញទៅប្រកួតជម្រុះយុវជនអាស៊ីអាយុក្រោម ២២ឆ្នាំ(AFC U-22 Asian-Cup 2013 Qualifiers) នៅប្រទេសឡាវដែលចាប់ផ្ដើមពីថ្ងៃទី២៣មិថុនា ដល់ថ្ងៃទី៣ កក្កដា ខាងមុខនេះ។ កម្ពុជាស្ថិតនៅពូលF ជាមួយឡាវ ហុងកុង ថៃ ចិន និងកូរ៉េខាងជើង។តាមកម្មវិធីប្រកួតរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC)នោះ ថ្ងៃទី២៣មិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមហុងកុង។ ថ្ងៃទី២៥មិថុនាកម្ពុជាប្រកួតជាមួយថៃ ថ្ងៃទី២៨មិថុនាកម្ពុជាប្រកួតជាមួយចិន ថ្ងៃទី៣០មិថុនាកម្ពុជាប្រកួតជាមួយកូរ៉េខាងជើង និង ថ្ងៃ៣ កក្កដា កម្ពុជាត្រូវប្រកួតចុងក្រោយជាមួយឡាវដែលជាម្ចាស់ផ្ទះ។ លោកវ៉ាន់ លីចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រកួតជម្រុះដ៏តឹងតែងមួយដែលកម្ពុជាមិនសូវជាមានសង្ឃឹមថាឆ្លងផុតនោះទេ៕
ដោយ៖ ណាណូ