ក្រុមហ៊ុនទូរស័ព្ទថ្មី OnePlus ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយលោក Peter Lau ជាអតីតអគ្គនាយករបស់ក្រុមហ៊ុនទូរស័ព្ទ Oppo ដែលបានលាលែងពីតំណែង ហើយងាកមកកសាងស្នាដៃផ្ទាល់ខ្លួន។ ផលិតផលដំបូងរបស់ Peter Lau នឹងមានឈ្មោះថា OnePlus One និងបំពាក់បច្ចេកវិទ្យាល្អបំផុតក្នុងពិភពលោក នាបច្ចុប្បន្ន។

ក្នុងរយៈពេលកន្លងមក ក្រៅពីព័ត៌មានបែកធ្លាយមួយចំនួន ដែលនិយាយថា ស្មាតហ្វូន Oneplus One នឹងប្រើថ្មដែលមានថាមពលខ្ពស់ 3.100 mAh , អេក្រង់ LCD 5,5 inch Full HD 1.080x1.920 pixel និងសេនសឺររបស់កាមេរ៉ា 13 megapixel ទូរស័ព្ទឆ្លាតវៃរបស់ចិននេះ ក៏នឹងត្រូវបានបំពាក់ប្រូសេសឺរ quad-core Qualcomm Snapdragon 801 រួមនឹង RAM 3GB ផងដែរ។ គួររំលឹកថា មុននេះ ក្រុមហ៊ុនចិននេះ ក៏ធ្លាប់បានបង្ហើបឱ្យដឹងថា OnePlus One នឹងគ្រាន់តែបំពាក់ឈីប Snapdragon 800 និង RAM 2 GB ប៉ុណ្ណោះ។តាមរយៈព័ត៌មានបែកធ្លាយនេះ ប្រូសេសឺរ Snapdragon 801 របស់ OnePlus One មានឈ្មោះកូដថា 8974-AC គឺដូចទៅនឹងកំណែ របស់ Samsung Galaxy S5 ។ ជាក់ស្ដែង ឈីប S801 មាន ៤ core Krait 400 ល្បឿន 2,45 GHz ។ រីឯ RAM 3 GB របស់ OnePlus One ត្រូវបានគេរំពឹងថា នឹងជួយឱ្យអ្នកប្រើប្រាស់ ដំឡើងកម្មវិធីបានច្រើន ក៏ដូចជាទទួលបទពិសោធក្នុងការលេងហ្គេមបានយ៉ាងល្អ។

ស្មាតហ្វូនរបស់ចិន OnePlus One បានឡើងដល់ ៣៦០០០ពិន្ទុ នៅលើប្រព័ន្ធត្រួត ពិនិត្យ AnTuTu Benchmark
ក្រៅពីនេះ យោងតាមការត្រួតពិនិត្យថ្មីៗនេះ បង្ហាញថា ប្រូសេសឺររបស់ OnePlus One បានឡើងដល់ ៣៦០០០ពិន្ទុ ខ្លាំងជាងស្មាតហ្វូនកំពូលៗមួយចំនួន ដូចជា LG G2, Xperia Z Ultra ឬ Galaxy Note 3 ។ ដោយមានបំពាក់បច្ចេកវិទ្យាល្អៗ គេជឿថា ស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះ នឹងអាចប្រកួតប្រជែងបាន ជាមួយនឹងបណ្ដាទូរស័ព្ទឆ្លាតវៃលំដាប់ខ្ពស់ថ្មីៗ ដូចជា HTC One M8 ឬ Oppo Find 7 ជាដើម នៅក្នុងពេលបង្ហាញខ្លួន នាថ្ងៃទី ២៣មេសាខាងមុខ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena/GSM