ក្រុមហ៊ុន Sony ទើបតែបានប្រកាសបង្ហាញស្មាតហ្វូន Xperia M2 Aqua របស់ខ្លួន ដែលមានសមត្ថភាពទប់ទល់នឹងការជ្រាបទឹក។


តាំងពីមុនមក Sony បំពាក់បច្ចេកវិទ្យាទប់ទល់នឹងការជ្រាបទឹក និងធូលី នៅលើតែស្មាតហ្វូនលំដាប់កំពូលតែប៉ុណ្ណោះ ក៏ប៉ុន្ដែ ពេលនេះ ដើម្បីជួយឱ្យអ្នកប្រើប្រាស់មានជម្រើសច្រើន ថ្មីៗនេះ ក្រុមហ៊ុន Sony ទើបតែបានឧទ្ទេសនាមស្មាតហ្វូន Android លំដាប់មធ្យម ដែលមានបំពាក់មុខងារទប់ទល់នឹងការជ្រាបទឹក ទៅតាមស្ដង់ដា IP68 ។ នេះគឺជាកំណែថ្មីរបស់ Xperia M2 ហើយវានឹងមានឈ្មោះថា Xperia M2 Aqua ។


គ្រឿងម៉ាស៊ីនរបស់ Xperia M2 Aqua ហាក់ដូចស្រដៀងទៅនឹង Xperia M2 ស្ទើរតែទាំងស្រុង ដោយរួមមានអេក្រង់ qHD 4.8 inch, ប្រូសេសឺរ Snapdragon 400 4-core កម្រិត1.2GHz , ក្រាហ្វិក Adreno 305, RAM 1GB ចំណែកថ្ម មានថាមពល 2.300mAh ។ ក្រៅពីនេះ Xperia M2 Aqua ក៏ត្រូវបានបំពាក់មុខងារសំចៃថាមពលថ្ម Stamina Mode ផងដែរ។


ស្មាតហ្វូន Xperia M2 Aqua មានកាមេរ៉ាក្រោយ 8MP អាចថតវីដេអូ Full HD, HDR និងមុខងារទប់ទល់នឹងភាពរំញ័រ SteadyShot ពេលកំពុងថតវីដេអូ រីឯកាមេរ៉ាមុខ មានកម្រិត 1.1MP ។ មុខងារ ឬកម្មវិធី 4G LTE, Wi-Fi, NFC, Bluetooth និង ANT+ ជាដើម ក៏ត្រូវបានបំពាក់នៅលើស្មាតហ្វូន Xperia M2 Aqua ប៉ុន្ដែ ម៉ាស៊ីននេះ ប្រើស៊ីមតែ ១គត់។ Xperia M2 Aqua នឹងដំណើរការដោយប្រព័ន្ធ Android 4.4 KitKat ថ្មីបំផុត។ ស្មាតហ្វូននេះ តាមគម្រោងនឹងត្រូវគេដាក់លក់នៅអាមេរិកខាងត្បូង អាស៊ី អឺរ៉ុប នារដូវធ្លាក់ខ្យល់ឆ្នាំនេះ ប៉ុន្ដែតម្លៃ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena/youtube