ខ្សែភាពយន្តដែលយើងនឹងណែនាំជូនលោកអ្នកថ្ងៃនេះគឺ Rise Of The Guardians ដែលជាខ្សែភាពយន្តសម្រាប់រដូវកាលបុណ្យណូអែល និងវិស្សមកាលឆ្នាំថ្មី។
ខ្សែភាពយន្ត Rise Of The Guardians គឺជាខ្សែភាពយន្តគំនូរជីវចល 3D ដែលផលិតដោយក្រុមការងារ DreamWork Animation ក្រោមការដឹកនាំរបស់អ្នកដឹកនាំរឿងលោក Peter Ramsey និងសម្ដែងតាមសាច់រឿងក្នុងសៀវភៅរឿងប្រលោមលោករឿង Rise Of The Guardians របស់អ្នកនិពន្ធ William Joyce។ ក្នុងនោះក៏មានការចូលរួមបញ្ចូលសម្លេងពីសំនាក់តារាបញ្ចូលសម្លេងល្បីៗដូចជា Chris Pine, Alec Baldwin, Jude Law និង Isla Fisher ក៏ដូចជា Hugh Jackman ផងដែរ។
ខ្សែភាពយន្តនេះនិយាយអំពីរដូវកាលបុណ្យចុងឆ្នាំ ដែលគេរាប់ពី Easter មកដល់បុណ្យណូអែលដែលត្រូវបានបំផ្លាញដោយបីសាចក្រោមគ្រែកូនក្មេង Boogeyman ឬឈ្មោះពិតហៅថា Pitch។ហើយការបំផ្លាញបុណ្យនេះនឹងធ្វើអោយក្ដីសុខរបស់ក្មេងៗតូចៗត្រូវបានបាត់បង់ ហើយមានតែសុបិន្តអាក្រក់។ ហេតុនេះហើយអ្នកការពារ Guardian ទាំង ៤ គឺ Santa, Tooth Fairy, Easter Bunnyនិង Sandman ត្រូវចួលរួមជាមួយអ្នកការពារថ្មីគឺទេវតាព្រិលទឹកកក Jack Frost។
ក្នុងខ្សែភាពយន្តនេះប្រសិនបើដាក់ចំណាត់ថ្នាក់ភាពគួរអោយស្រលាញ់របស់តួអង្គនោះ លេខ ១គឹប្រហែលជាបានទៅលើ Sandman ដែលជាទេវតានៃសុបិន្តហើយមើលទៅព្រោះវាពិតដែលតួអង្គមួយនេះគឺជាតួអង្គដែលគួរអោយស្រលាញ់ជាងគេ ទោះបីជាគេត្រូវបានតាក់តែងឡើងដោយមិនអោយចេះនិយាយក្ដី។
ក្នុងសាច់រឿងនេះមិនត្រឹមតែមានដំណើរនៃការការពារបុណ្យណូអែល និងក្មេងៗកុំអោយជនអាក្រក់Pitch ធ្វើបាបនោះទេ Jack Frost ក៏ត្រូវស្វែងរកថាតើគេជានរណាគេអោយពិតប្រាកដផងដែរ។ហើយខ្សែភាពយន្តនេះមានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅនៅរោងភាពយន្ត លេជេន ផ្សារំទនើប CityMall ជាន់ទី ៣។ កុំភ្លេចនាំកូនៗ និងមនុស្សជាទីស្រលាញ់ទៅមើលទាំងអស់គ្នា៕
ដោយ៖ ម៉ូកា