បណ្តាប្រជាពលរដ្ឋរស់នៅ Tambon Tha Sawang, ប្រទេសថៃ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពភ័យតក់ស្លុត បាន និងកំពុងព្យួរអាវយឺតពណ៌ក្រហម នៅតាមរបងផ្ទះរបស់ខ្លួន ដើម្បីគេចផុតពីការចាប់អារម្មណ៍ របស់ព្រលឹងខ្មោចស្រ្តីមេម៉ាយមួយ ដែលបានត្រូវគេចចាមអារាមថា បានឆក់ផ្តាច់យកជីវិត បុរសៗមានមាឌមាំៗចំនួន ១០នាក់ នៅក្នុងភូមិ តែក្នុងរយះពេល ១ខែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបាននិយាយរៀបរាប់ជាមួយអ្នកសារព័ត៌មានថា បុរសៗមានមាដមាំៗចំនួន ១០នាក់ បានស្លាប់ក្នុងស្ថានភាពអាថ៌កំបាំងមួយ ដោយអ្នកខ្លះបានស្លាប់ពេលកំពុងដេក អ្នកខ្លះទៀតដើរសុខៗ ក៏ដួលស្លាប់តែម្តង។ ក្រុមគ្រូពេទ្យបានឲ្យដឹងថា ពួកគេបានស្លាប់ដោយសារ បញ្ហាជំងឺផ្លូវដង្ហើម។

បើទោះជាដូច្នេះ ភាគច្រើននៃប្រជាពលរដ្ឋនៅតែមានជំនឿថា ព្រលឹងខ្មោចស្ត្រីមេម៉ាយ ដែលមានឈ្មោះថា pee mae mai ជាអ្នកបង្ករឿងហេតុនេះឡើង។ ភាពភ័យខ្លាចនៃពាក្យចចាមអារាមនេះ បានរីករាលដាលយ៉ាងឆាប់រហ័ស ដល់បណ្តាស្រុកនៅក្បែរនោះ ដូចជា Chom Phra និង Tha Tum ថែមទៀតផង។

“មូលហេតុដែលខ្ញុំដែលព្យួរអាវយឺតពណ៌ក្រហម មិនមែនគ្រាន់តែជំនឿតាមផ្លូវអារម្មណ៍ទេ គឺក៏ជាការព្រួយបារម្ភដល់ចៅប្រុសរបស់ខ្ញុំដែរ។ ខ្ញុំមិនចាំបាច់ថា ត្រូវជឿលើរឿងនេះទេ តែការការពារគឺជារឿងដែលល្អបំផុត”, បុរសអាយុ ៦១ ឆ្នាំបានចែករំលែកឲ្យដឹង។

បើតាមការរៀបរាប់របស់ប្រជាជននៅទីនោះ ព្រលឹងខ្មោចនេះ គឺនឹងប្រាកដខ្លួនឡើងដូចមនុស្សធម្មតា។ នាងមានមិត្តភក្តិ និងតែងតែដើរញ៉ែប្រុសៗ ប៉ុន្តែមិនដែលស៊ីផឹកអ្វីនោះទេ។ ដល់ពេលយប់ ក្បាលនិងគ្រឿងក្នុងរបស់នាង នឹងផ្តាច់ចេញពីខ្លួន ដើម្បីទៅស្វែងរកសាច់រស់ស៊ីជាអាហារ។
ជាក់ស្តែងរឿងនេះ នៅមិនទាន់មានការស្រាវបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយ ប៉ុន្តែអាវពណ៌ក្រហមនៅតែត្រូវបានពាក់ព្យួរនៅតាមមុខផ្ទះ គ្រប់គ្រួសារ ដើម្បីឲ្យព្រលឹងខ្មោចព្រាយបិសាច ទៅឲ្យឆ្ងាយពីផ្ទះរបស់ខ្លួន៕
ដោយ៖ សិលាប្រភព៖ K14