អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលបានទទួលរងការបាញ់ប្រហារពីសំណាក់ក្មាន់កាំភ្លើងជាឃាតករមិនស្គាល់មុខកាលពីថ្ងៃទី ២៣ កុម្ភៈ ២០០៧ នោះកំពុងមានគំរោងថា និងត្រលប់ចួលមកទឹកដីកំណើតសារជាថ្មី បន្ទាប់ពីចំណាយពេលជាង ៥ ឆ្នាំសម្រាកព្យាបាលនៅក្រៅប្រទេស ហើយណាមួយព្រោះតែរូបនាង និងក្រុមគ្រួសារគ្មានលទ្ធភាពបន្តសម្រាកព្យាបាលទៀតឡើយ នេះបើតាមប្រភពពីគេហទំព័រសារព័ត៌មាន Postkhmer។
ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករបាញ់ប្រហារមកលើរូបនាងនាថ្ងៃទី ២៣ ខែកុម្ភៈ ២០០៧ វេលាម៉ោង ៦ និង ២០ នាទីព្រឹកនៅមុខសាលាភាសាអង់គ្លេសមួយក្បែររបងក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល បានបណ្តាលឲ្យតារារូបនេះទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។ក្រោយពេលទទួលការបាញ់ប្រហារក្រុមគ្រួសាររបស់នាងបានបញ្ជូននាងទៅប្រទេសវៀតណាមក្រោយមកក៏បញ្ជូនទៅប្រទេសថៃទៀតខណៈដែលស្រមោលឃាតកនៅតែតាមយាយីនាងដល់ទីនោះ។ ហើយមកដល់ពេលនេះ ពៅ ពញ្ញាពេជ្រ នៅតែស្នាក់នៅក្នុងប្រទេសថៃនៅឡើយ។
ក្រោយពីធ្លាក់ខ្លួនពិការមកក្ដីសង្ឃឹមតែមួយរបស់អតីតតារាចម្រៀងរូបនេះគឺ ត្រូវការជំនួយពីសប្បុរសជន តែរាល់ការដង្ហោយហៅរបស់ក្រុមគ្រួសារនាងដូចជាមិនមានពន្លឺពីសំណាក់សប្បុរសជនណានោះទេ សូម្បីតែខ្សែអាត់វីដេអូរបស់នាងដែលថតផ្ញើរទៅដល់សហរដ្ឋអាមេរិកនោះក៏ដូចជាពុំមានការចាប់អាម្មណ៍ណាស់ណានោះទេ។

ទំព័រ facebook របស់ ពៅ បញ្ញាពេជ្រ
អ្នកស្រី សុធារី បងស្រីបង្កើតតារាចម្រៀង ពៅ បញ្ញាពេជ្រ បានលើកឡើងថា៖ គ្រាកន្លងមក បញ្ញាពេជ្រ នាងបានបញ្ចេញខ្សែអាត់វីដេអូ ទៅដល់សហរដ្ឋអាមេរិក ក្នុងបំណងអំពាវនាវ ស្វែងរកជំនួយមកព្យាបាលនាងដែរ នៅតែមិនមានគេចាប់អារម្មណ៍ អ្នកស្រីសុធារី ក៏បានបញ្ជាក់បន្ថែមផងដែរថា៖បញ្ញាពេជ្រប្អូនស្រីខ្ញុំ ប្រហែលមិនយូរទេ នាងនឹងត្រូវវិលត្រឡប់មករស់នៅ និងព្យាបាលនៅក្នុងស្រុកខ្មែរវិញ នាពេលខាងមុខឆាប់ៗជាមិនខាន ព្រោះថវិកាដែលបងប្អូនក្រុមគ្រួសារបានចំណាយ គឺចង់អស់លទ្ធភាពទៅហើយ»។ ប៉ុន្តែពាក់ព័ន្ធនឹងពេលវេលាកំណត់ឲ្យច្បាស់ថានឹងមកនៅពេលណា អ្នកស្រីមិនបានបញ្ជាក់ឡើយ។ ដោយឡែកទាក់ទិនសុវត្ថិភាពអ្នកស្រីក៏សម្តែងក្តីបារម្ភដែរ តែគ្មានជម្រើសអ្វីល្អជាងនេះ។សំណុំរឿងរបស់តារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវបានគេមើលឃើញថា មកទល់នឹងពេលនេះនៅមិនទាន់ស្វែងរកមុខឃាតកឃើញនៅឡើយ មិនខុសពីសំណុំរឿងតារាចម្រៀង ទូច ស៊ុននិច តារាសម្តែង ពិសិដ្ឋ ពិលីកា នោះទេ។ បញ្ហានេះជាក្តីកង្វល់យ៉ាងធ្ងន់ធ្ងរសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ៕
ដោយ៖ ម៉ូកាប្រែសម្រួលអត្ថបទពី៖ Postkhmer