ភ្នំពេញ៖ តារាសម្តែងវ័យក្មេង កញ្ញា លីលី ជាអតីតតារា ចម្រៀងក្នុងក្រុម Classic តែប្រជាប្រិយ ភាពរបស់នាងហាក់ មិនសូវទទួលបានការគាំទ្រ ខ្លាំងក្លាប៉ុន្មានឡើយ បន្ទាប់ពីជ្រកនៅ ក្នុងទ្រនំមួយនេះ អស់រយៈពេលជាង២ឆ្នាំរួចមក ។ បន្ទាប់ពីផុតកុងត្រាភ្លាម តារាសម្តែង និងជាពិធីការិនី វ័យក្មេងសាច់សម៉ដ្ឋរលោង លីលី បានមកសម្តែងខារ៉ាអូខេ ឲ្យផលិតកម្មសាន់ដេ ក្នុងអាល់ប៊ុមថ្មី វីស៊ីឌី វ៉ុល១២១ ក្នុង បទ ជាតិនេះស្រឡាញ់អូនតែម្នាក់គត់ និងបទ សប្បាយចិត្តណាស់បើបានរៀបការ របស់ លោក ខេមរៈ សិរីមន្ត ហើយត្រូវបាន គេសង្កេតឃើញថា ប្រជាប្រិយភាព របស់តារាសម្តែង សម្បូរមន្តស្នេហ៍ លីលី ហាក់ កើន ឡើងមួយកម្រិត ។
តាមរយៈការសម្តែង នៅក្នុងបទចម្រៀងនេះ ស្រីស្រស់សម្ផស្សឆើត លីលី ត្រូវបានមហាជនទូទៅ មានការកោតសរសើរគ្រប់ៗគ្នា ថានាងពិតជាសម្តែងបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះ រូបសម្ផស្សរបស់នាង ក៏ស្រស់ស្អាតគួរឲ្យទាក់ទាញខ្លាំងទៀតផង ។ តែអ្វីដែលស្រទាប់យុវវ័យ ចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ គឺត្រង់ថា នាងពូកែសម្តែងធ្វើ ជាចរិកម្ញ៉ិកម៉្ញក់ គួរឲ្យក្រឺតខ្នាញ់ ។
នៅក្នុងជំនួបជាមួយ LookingTODAY នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣នេះ កញ្ញា លីលី បាននិយាយប្រាប់ឲ្យដឹងថា កាលពីខ្ញុំច្រៀងនៅក្នុងផលិតកម្ម Classic ខ្ញុំមិនសូវទទួលបាន ប្រជាប្រិយភាពប៉ុន្មានទេ ។ តែខ្ញុំបានត្រូវបាន មហាជនស្គាល់ និងទទួលបានប្រជាប្រិយភាព តាមរយៈការសម្តែង ខារ៉ាអូខេបទចម្រៀង ។ ឥឡូវនេះខ្ញុំបានចេញ ពីផលិតកម្ម Classic ហើយដោយសារតែ ខ្ញុំផុតកុងត្រា នៅទីនោះ ។ ខ្ញុំផុតកុងត្រានៅផលិតកម្ម Classic រយៈពេល៣ ខែមកហើយ ។ ពេលនេះខ្ញុំមិនទាន់មាន ជាប់កុងត្រាជាមួយ ក្រុមហ៊ុនណានោះទេ ។
កញ្ញា លីលី បាននិយាយឲ្យដឹងទៀងថា ខ្ញុំបានសម្តែងឲ្យ ផលិតកម្មសាន់ដេ បានចំនួន២បទមានដូចជាបទ ជាតិនេះស្រឡាញ់អូនតែម្នាក់គត់ និងបទ សប្បាយចិត្តណាស់ បើបានរៀបការ។ ចំពោះបទចម្រៀងទាំង២នេះ ខ្ញុំដឹងថាមានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ស្រទាប់យុវវ័យ។
តារាសម្តែងសម្បូរមន្តស្នេហ៍ កញ្ញា លីលី បានបន្ថែមថាការសម្តែងខារ៉ាអូខេ គឺងាយស្រួលសម្រាប់នាង បើសិនជាមានផលិតកម្មណាមួយទាក់ទងឲ្យ នាងទៅសម្តែងគឺនាងព្រមទៅសម្តែងជូន ព្រោះតែពេលនេះ នាងបានផុតកុងត្រា ជាមួយផលិតកម្ម Classic ហើយ ។ លើសពីនេះទៅទៀតស្រីស្រស់ លីលី បានបង្ហើបឲ្យដឹងទៀតថា បច្ចុប្បន្ននាងក៏កំពុងតែ សម្លឹងរកទ្រនំផលិតកម្មថ្មីមួយទៀត ដើម្បីឲ្យបានរឹងមាំ ព្រោះនាងក៏ធ្លាប់ជា តារាចម្រៀងមួយរូបផងដែរ ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល