ភ្នំពេញ៖ កន្លងមកមហាជន និងស្រទាប់យុវវ័យបានដឹងយ៉ាងច្បាស់ថា អតីតតារាចម្រៀងវ័យក្មេងស្រស់សោភា ប្រចាំផលិតកម្ម អឹម កញ្ញា គង់ សុកញ្ញា ហៅ អែនជី បានប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកថា នាងបានវេចបង្វេចពីទ្រនំផលិតកម្ម អឹមដោយមកជ្រក ក្នុងទ្រនំថ្មី គឺផលិតកម្ម សាន់ដេ បន្ទាប់ពីនាងផ្ទុះជំលោះធ្ងន់ធ្ងរ ជាមួយអតីតតារាចម្រៀងរួមទ្រនំ គឺស្រីស្រស់ ពេជ្រ សូលីកា ។
មិនតែប៉ុណ្ណោះ តារាចម្រៀងក្នុងស្រទាប់យុវវ័យរូបនេះ ក៏បានប្រាប់បណ្តាញសារព័ត៌មានថា ខាងផលិតបានរៀបចំបទចម្រៀងជាច្រើនបទ សម្រាប់នាងរួចរាល់ហើយ នៅក្នុងផលិតកម្ម សាន់ដេ ហើយក៏នឹងត្រៀមវាយលុក នៅលើទីផ្សារ ក្រោយចូលឆ្នាំខ្មែររួចរាល់ផងដែរ ។ ខណៈបុណ្យចូលឆ្នាំខ្មែរបានកន្លងទៅរយៈពេលជិត២ខែមកហើយ មហាជន និងស្រទាប់យុវវ័យនៅតែ មិនឃើញបទចម្រៀងណាមួយ របស់ស្រីស្រស់សម្បូរមន្តស្នេហ៍ អែនជី ចេញវាយលុកនៅលើទីផ្សារ នៅឡើយទេ ។
ដូច្នេះពេលនេះ តារាចម្រៀងវ័យក្មេងចំណូលថ្មី របស់ផលិតកម្ម សាន់ដេ អែនជី កំពុងតែធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ មួយចំនួន បាននឹងកំពុងតែរំជើបរំជួលចិត្តយ៉ាងខ្លាំង ព្រោះមកដល់ពេលនេះ ពួកគេមិនទាន់ឃើញ បទចម្រៀងរបស់នាងលេចចេញនៅឡើយ ។
ស្របពេល កញ្ញា អែនជី កំពុងតែធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់នាងទន្ទឹងរង់ចាំ និងរំជើបរំជួលចិត្តដ្បិតមិនឃើញបទចម្រៀងវាយលុក នៅលើទីផ្សារ ក្នុងទ្រនំថ្មីផលិតកម្ម សាន់ដេ ស្រាប់តែថ្មីៗនេះ ប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈដែលស្និទ្ធនឹងផលិតកម្ម សាន់ដេ បានបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា តាមពិតទៅបទចម្រៀងរបស់ អែនជី នៅក្នុងផលិតកម្ម សាន់ដេ បានរៀបចំរួចរាល់ហើយ គ្រាន់តែពេលនេះ ខាងផលិតកម្ម មិនទាន់ចេញលក់នៅលើទីផ្សារ ព្រោះថ្មីៗនេះផលិតកម្ម ទើបតែចេញលក់អាល់ប៊ុមថ្មី ។ ដូច្នេះខាងផលិតកម្មគេចង់ឲ្យអាល់ប៊ុម ដែលទើបតែចេញលក់ថ្មីៗនេះ បានយូរបន្តិចសិន ។
ប្រភពដដែល បានបង្ហើបឲ្យដឹងទៀតថា ចំពោះអាល់ប៊ុមបទចម្រៀងថ្មី របស់កញ្ញា អែនជី ខាងផលិតកម្ម សាន់ដេ ត្រៀមយកមកវាយលុក នៅលើទីផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះអាល់ប៊ុមថ្មី ដែលខាងផលិតកម្មសាន់ដេ ត្រៀមវាយលុកនៅលើទីផ្សារនេះ គឺមានតែតារាចម្រៀង ៣នាក់ប៉ុណ្ណោះ នៅក្នុងអាល់ប៊ុមថ្មីនេះ មានដូចជា លោក កែវ វាសនា ហង្ស ឧត្តមម៉ានី និង កញ្ញា អែនជី ។
លើសពីនេះទៅទៀត ប្រភពខាងលើបានបញ្ជាក់ទៀតថា បទចម្រៀងរបស់ស្រីស្រស់ អែនជី ដែលត្រៀមចេញលក់នៅលើទីផ្សារ គឺសុទ្ធសឹងតែជាបទពីរោះៗ បែបមនោសញ្ចេតនា ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីមហាជន ៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល