ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដេលីម៉ែល បានចេញផ្សាយអោយ ដឹងថា វាគឺជាករណីដ៏កម្រមួយ ដែលស្ទើរតែមិនគួរអោយជឿ ខណៈពេលដែលស្រ្តីម្នាក់ បាន កើតកូនស្រីដែលមានសុខភាពល្អមួយទម្ងន់ដល់ទៅ ជិត ១៤ ផោន ស្នើនឹង ៦ គ.ក ឯណោះ

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះមានឈ្មោះថា Michelle Cessna ជាពលរដ្ឋរស់នៅ ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ដោយឡែក កូនស្រីដែលទើបតែកើតរូបនោះមាន ឈ្មោះថា Addyson Gale Cessna គេពិតជាមានសុខភាពល្អហួស ខណៈពេលដែលគេមានទម្ងន់ដល់ទៅ ៦ គ.ក បន្ទាប់ពីស្រ្តីជាម្តាយបានផ្តល់កំណើតដល់គេ ក្រោយពីក្រុមវេជ្ជបណ្ឌិតធ្វើការវះកាត់ដោយទទួលបានជោគជ័យ នៅឯមន្ទីរពេទ្យ Armstrong County Me-morial Hospital រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

ដោយឡែក បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Amy Turner ជាអ្នកជំនាញដែលបានវះកាត់ស្រ្តី ជាម្តាយរូបនោះផ្ទាល់ អោយដឹងថា ដើមឡើយនៅពេលដែលក្រុមការងារយើងខ្ញុំបានវះកាត់បានសម្រេច និងឃើញក្មេងស្រីនោះ ជាលើកដំបូង ពួកយើងបានគិតថា គេទំនងជាមានទម្ងន់ប្រមាណជាង ៥ គ.ក នោះទេ តែដឹងអីថា គេមានទម្ងន់ដល់ទៅ ៦ គ.កលើសពីការរំពឹងទុកដ៏ច្រើនរបស់ពួកយើងទៅទៀត។

លើសពីនេះទៅ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រុមវេជ្ជបណ្ឌិតមិនដែលធ្លាប់បានរក្សាទុកនូវកំណត់ត្រាផ្លូវការ ស្តីពីទម្ងន់ទារកតូចទើបតែកើតនោះទេ តែលោកវេជ្ជបណ្ឌិតអាចនិយាយបានថា ទារិកាមួយនេះ ពិតជាមានទម្ងន់ធ្ងន់ជាងគេបំផុត ក្នុងទំព័រប្រវតិ្តសាស្រ្តមន្ទីរពេទ្យមួយនេះ ។ ទន្ទឹមនឹងនេះ បើយោងតាមសម្តីស្រ្តីជាម្តាយ ក៏ដូចជាបុរសម្នាក់ដែលជាស្វាមី អោយដឹងថា ពួកគេបានរំពឹងទុកថា កូនស្រីរបស់ខ្លួន និងមានសុខភាពល្អប្រកបទៅដោយសាច់ត្រលុកត្រលន់ តែដឹងអីថា គេពិតជាមានគីឡូធ្ងន់មែនទែន៕

ដោយ ៖ ពិសីប្រភព ៖ ដេលីម៉ែល