ភ្នំពេញៈ តារាចម្រៀងដែលទស្សនិកជនស្គាល់ថា និយមចំឡងស្តាយតុបតែងខ្លួន ពីកូរ៉េ លោក នីកូ កន្លងមកធ្លាប់ជ្រកក្រោន ក្រោមដំបូលផលិតកម្មអឹម នោះ ពេលនេះបានលេចឮព័ត៌មានថា លោកបានស្ពាយបង្វេចចាកចេញពី ទ្រនំចាស់ផ្លាស់ទៅទ្រនំ សាន់ដេ ដែលជាផលិតកម្មកំពុងតែ មានភាពលេចធ្លោ ក្នុងស្រទាប់យុវវ័យ។
កន្លងមកធ្លាប់បានលេចឮព័ត៌មានថា តារាចម្រៀង លោក នីកូ ក្រោយពីបញ្ចប់កុងត្រា ជាមួយផលិតកម្ម អឹម លោកគ្រោង ហក់លោតទៅជ្រកក្រោម ផលិតកម្ម ជាមួយបងប្រុសគឺ លោក ណុប បាយ៉ារិទ្ធ តែពេលនេះ ត្រូវបានលោកផ្លាស់ចិត្តមិនទៅវិញ ព្រោះតែមិនចង់ប្រកួតប្រជែង ជាមួយបងប្រុសខ្លួន ទើបធ្វើឲ្យលោកប្តូរគំនិតទៅជ្រកក្រោម ផលិតកម្មសាន់ដេ ជំនួសវិញ។
បើតាមប្រភពពីមជ្ឈមដ្ឋាន អ្នកតាមដានសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះតារាចម្រៀងប្រុស ដែលគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយ លោក អៀង វិច្ឆ័យ កន្លងមក គឺ លោក នីកូ បានចាកចេញពីផលិតកម្មអឹមស្ងាត់ៗ ។ដោយសង្កេតឃើញថា រស់នៅក្រោមដំបូលផលិតកម្មចាស់ មិនអាចជួយជ្រោងកេរ្តិ៍ឈ្មោះ របស់លោកឲ្យល្បីខ្លាំងនោះ លោកក៏សម្រេចចិត្តចាកចេញពី ផលិតកម្មចាស់ ទាំងមិនមានភាពស្តាយស្រណោះ ទៅជ្រកក្រោមផលិតកម្មសាន់ដេធ្វើព្រងើយ។
លោក ខេមរៈ ភារុណ ជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះមួយរូប ប្រចាំផលិតកម្មសាន់ដេ បានប្រាប់ LookingTODAYឲ្យដឹងតាមទូរស័ព្ទនា ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣នេះថា លោកមិនទាន់ បានទទួលព័ត៌មាននេះនៅឡើយទេ។ លោក ខេមរៈ ភារុណ និយាយដូច្នេះខ្ញុំមិនហ៊ាននិយាយទេ ព្រោះមិនដឹងរឿងច្បាស់ ប្រហែលជាមកពីខ្ញុំរវល់ជាមួយការងារច្រើនពេកហើយ ទើបមិនបានដឹងរឿងនេះ រួចក៏បិទទូរស័ព្ទតែម្តងទៅ...។
មិនតែប៉ុណ្ណោះប្រភពដដែល បានបង្ហើបប្រាប់ឲ្យដឹងទៀតថា ពេលនេះខាងផលិតកម្មសាន់ដេ បានរៀបចំបទ ចម្រៀងវ៉ុលថ្មីឲ្យ លោក នីកូ ដោយតម្រូវឲ្យលោកច្រៀងចាប់ដៃគូ ជាមួយតារាចម្រៀងស្រី ល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ គឺកញ្ញា សុខ ពិសី ដើម្បីបង្កើនការគាំទ្រ និងបង្កើតសន្ទុះកេរ្តិ៍ឈ្មោះ ឲ្យតារាចម្រៀងចំណូលថ្មីរូបនេះទៀតផង៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល