ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថាតារាសម្តែង និងជាពិធីការិនីសម្បូរមន្តស្នេហ៍កញ្ញា នៅ សូនីតា មានអ្នកធានាឲ្យចេញទៅ ដើរលេងនៅប្រទេសជប៉ុន ។ ខណៈនោះគេហទំព័រ LookingTODAY ក៏បានចុះផ្សាយ ដោយដាក់ចំណងជើងថា នៅ សូនីតា មានអ្នកធានា ឲ្យចេញទៅដើរលេងនៅជប៉ុន តែពេលនោះ LookingTODAY មិនអាចទាក់ទងសុំការស្រាយបំភ្លឺ ពីកញ្ញា នៅ សូនីតា បានទេ ដោយសារទូរស័ព្ទរបស់នាងគ្មានអ្នកទទួល ។
តែថ្មីៗនេះ នៅក្នុងជំនួបជាមួយ LookingTODAY តាមសារអេឡិចត្រូនិច ពីប្រទេសជប៉ុន កញ្ញា នៅ សូនីតា បានបដិសេធពីព័ត៌មានទាំងនេះ ដោយនាងបានលើកឡើងថា ការចេញទៅប្រទេសជប៉ុននេះ នាងមិនមែនទៅដើរលេង ដូចដែលពាក្យលេចឮនោះទេ ហើយនាងក៏គ្មានអ្នកណាធានា ឲ្យនាងចេញទៅដើរលេងនោះដែរ ។ តែនាងចេញទៅប្រទេសជប៉ុននេះ គឺចេញទៅលក្ខណៈការងារ សិល្បៈរបស់នាងតែប៉ុណ្ណោះ ។
បើតាមការឆ្លើយឆ្លងសារអេឡិចត្រូនិច សូនីតា បានប្រាប់ឲ្យដឹងថា មកដល់ពេលនេះ គឺមានរយៈពេល២សប្តាហ៍ហើយ ដែលនាងបានទៅដល់ និងសម្តែងលើទឹកដីសេដ្ឋកិច្ច ។ មិនតែប៉ុណ្ណោះ តារាសម្តែងដែលកំពុងតែ មានប្រជាប្រិយភាពរូបនេះ បានឲ្យដឹងទៀតថា ការចេញទៅសម្តែងនៅប្រទេសជប៉ុននេះ គឺនាងមិនមែនចេញទៅតែម្នាក់ឯងនោះទេ គឺរួមដំណើរជាមួយអ្នកសិល្បៈ ជាច្រើននាក់ផ្សេងទៀត ។
កញ្ញា នៅ សូនីតា បានសម្តែងសុទិដ្ឋិនិយមថា បងប្អូនខ្មែរដែលរស់នៅទីនោះ ក៏ដូចជាជនជាតិបរទេសរស់នៅទីក្រុងតូក្យូ បានសម្តែងការគាំទ្រយ៉ាងខ្លាំង សម្រាប់សិល្បករ-សិល្បការិនីខ្មែរ ដែលបានទៅសម្តែងនៅទីនោះ ក៏ដូចជារូបនាងផ្ទាល់ផងដែរ ។
តារាសម្តែងសាច់សសម្បូរមន្តស្នេហ៍ នៅ សូនីតា បានប្រាប់គេហទំព័រ LookingTODAY ថា នៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០១៣ ខាងមុខនេះ នាងនឹងត្រូវត្រឡប់មកមាតុភូមិកំណើតវិញហើយ រួមជាមួយអ្នកសិល្បៈដទៃផ្សេងទៀតផងដែរ ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល