ប្លែកៗ ៖ រថយន្តទំនើប BMW ស្រាប់តែផ្ទុះឆេះ ស្ទើរខូចខាតទាំងស្រុង ខណៈពេលដែលកំពុងតែចតនៅស្ងៀម នៅឯកន្លែងចតឡាន Geylang Serai នាប្រទេសសឹង្ហបុរី នេះបើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ២៧ មីនាកន្លងទៅ ម៉ោងប្រមាណជាង ១២ និង ៣០ នាទីថ្ងៃត្រង់ ។ លើសពីនេះ បើយោងតាមសម្តីដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បានបញ្ជាក់អោយដឹងថា ដើមឡើយ គេបានឃើញផ្សែងខ្មួរខ្មាញហុយចេញពីគម្រកក្បាលឡាន ភ្លាមៗនោះ គេក៏បានទូរស័ព្ទហៅភ្នាក់ងារសង្រ្គោះបន្ទាន់ ដើម្បីជួយអន្តរាគមន៍ បន្តិចក្រោយមក ភ្លើងនោះក៏បានរលត់ទៅវិញ បន្ទាប់ពីមានការអន្តរាគមន៍។
ដោយឡែក អំឡុងពេលនៃការកើតហេតុគេមិនរកឃើញថា ម្ចាស់ឡានជានរណានោះទេ តែសំណាងល្អឧបទ្ទេវហេតុមួយនេះ មិនបានបណ្តាលអោយមនុស្សណាម្នាក់ បានទទួលរងរបួសឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន