តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស (Dailymail) បានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា Lady Gaga ដែលជាតារាចម្រៀងកំពុងតែទទួលបានការគាំទ្រ ត្រូវបានរកអោយឃើញថា នាងបានកោរសក់កាន់ទុក្ខ។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក គេតែងឃើញ Lady Gaga លេងម៉ូតសក់ និងសំលៀកបំពាក់ប្លែកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្ររបស់នាង ដោយឡែក នាប៉ុន្មានថ្ងៃនេះ នាងក៏ត្រូវបានភ្នាក់ងារសារព័ត៌មានរកអោយឃើញថា នាងបានកោរសក់ផ្នែកខាងក្រោយអស់ពាក់កណ្ដាលដើម្បីកាន់ទុក្ខ។

តារាចម្រៀងវ័យ២៦ឆ្នាំសញ្ជាតិអាមេរិករូបនេះបានសម្រេចចិត្តកោរ សក់ផ្នែកខាងក្រោយរបស់នាងដើម្បីកាន់ទុក្ខម្ដាយរបស់មិត្តភក្តិ ជិតស្និតរបស់នាង ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារថ្មីៗនេះ ។ ជាមួយនឹងរូបភាពកោរសក់ដែលនាងបានបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter នាងបានសរសេរថា ខ្ញុំធ្វើដើម្បី Terry ខ្ញុំសុំចូលរួមរំលែកទុក្ខ មរណភាពម្ដាយរបស់លោកផង”។
គួររំឮកផងដែរថា ព័ត៌មានមរណភាពរបស់ម្ដាយលោក Terry Richardson ត្រូវបានដឹងឮជាសាធារណៈបន្ទាប់ពីរូបលោកផ្ទាល់បានសរសេរថា សូមទៅកាន់សុគតិភពអ្នកម្ដាយ Annie Lomax ចូលទៅក្នុងគេទំព័រ Tumblr ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា តារាចម្រៀងស្រីល្បីឈ្មោះ នាង Lady Gaga និង អ្នកថតរូប Terry Richardson គឺជាមិត្តភក្តិជិតស្និត នឹងគ្នារយៈពេលច្រើនឆ្នាំមកហើយ ខណៈពេលដែលលោក Terry Richardso តែងតែថតរូបឲ្យ LadyGaga សម្រាប់ដាក់ក្នុងទស្សនាវដ្ដីផ្សេងៗ៕
ដោយ ៖ ពិសីប្រភព ៖ Dailymail