តារាសំដែងប្រុស Ashton Kutcher នឹងដើរតួជា Steve Jobs អតីតអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនកុំព្យូទ័រ Apple ដែលបានទទួលមរណភាពកាលពីខែតុលា ឆ្នាំ ២០១១ដោយជម្ងឺមហារីក។

Ashton Kutcher អាយុ ៣៤ឆ្នាំនឹងដើរតួជាលោក Steve Jobs អតីតអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុនកុំព្យូទ័រ Apple នៅក្នុងខ្សែភាពយន្ដដែលនិយាយអំពីជីវិតមានឥទ្ធិពលដ៏ល្បីឈ្មោះក្នុងវិស័យបច្ចេកវិទ្យា។
តាមគម្រោង ខ្សែភាពយន្ដនេះនឹងមានឈ្មោះថា Jobs ដែលត្រូវបានក្រុមហ៊ុនភាពយន្ដឯករាជមួយផលិត ក្រោមការនិពន្ធរបស់ Matt Whiteley និងដឹកនាំរឿងដោយ Joshua Michael Stern។
Jobs គឺជាខ្សែភាពយន្ដដែលនិយាយអំពីជីវិតរបស់អតីតអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនកុំព្យូទ័រ Apple ចាប់តាំងពីលោកបានក្លាយជាពុទ្ធបរិស័ទ រហូតដល់ពេលគាត់ចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ហើយក្រោយមកក៏បានក្លាយជាអ្នកបង្កើតក្រុមហ៊ុន Apple Computer។
ជាមួយនឹងតួអង្គនេះ Ashton Kutcher ដែលជាអតីតស្វាមីរបស់ Demi Moore មានសង្ឃឹមថានឹងទទួលបានការគាំទ្រច្រើនពីអ្នកស្រឡាញ់វិស័យភាពយន្ដ។
Ashton Kutcher ត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្ដមួយចំនួនរបស់ហូលីវូដ ពិសេស
គឺខ្សែភាពយន្ដបែបកំប្លែងមនោសញ្ចេតនា ដូចជារឿង ust Married, What Happens in Vegas, Valentine's Day, No Strings Attached, New Year's Eve ។ល។
ក្នុងរយៈពេលចុងក្រោយនេះ អាជីពរបស់ Ashton Kutcher មិនត្រូវបានអ្នកគាំទ្រយកចិត្តទុកដាក់ដូចទៅនឹងរឿងផ្ទាល់ខ្លួនរបស់គាត់។ រឿងអាស្រូវស្នេហាជាមួយនឹងនារីជានិស្សិតម្នាក់បានធ្វើអោយ Ashton Kutcher ត្រូវជួបបញ្ហាដោយសារតែប្រពន្ធសុំលែងលះ បន្ទាប់ពីបានរស់នៅជាមួយគ្នាអស់រយៈពេលជាង ៧ឆ្នាំ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ News