នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ Camnews សូមឧទ្ទេសនាមកម្រងអត្ថបទមួយដែលមានចំណងជើងថា អច្ឆរិយវត្ថុរបស់ខ្មែរ ដើម្បីរំឮកឡើងវិញនូវស្នាដៃនានាដែលបុព្វបុរសរបស់យើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ ក្នុងនោះដែរ យើងនឹងលើកឡើងនូវប្រវត្តិសាស្ដ្រខ្លះៗ រួមនឹងការកសាងប្រាសាទ និងស្នាដៃនានារបស់ព្រះមហាក្សត្រមុនៗរបស់ខ្មែរ។

ខាងក្រោមនេះ យើងសូមចាប់ផ្ដើមដោយនិយាយអំពី ប្រាសាទអង្គរវត្ត។

/

អំពីប្រាសាទអង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប ជាស្នាដៃដ៏ធំចម្បងអស្ចារ្យមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទអង្គរវត្ត(នគរវត្ដ)ក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។

នគរវត្ដមានកសិណ(គូទឹក)ព័ទ្ធជុំវិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម។ រីឯប្រាង្គកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។

អង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកnSអង្គ​ការយូណេស្កូនៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញនៅឆ្នាំ ១៨៦០ ដោយ ប្រវត្តិវិទូបារាំងម្នាក់ គឺលោក ហង់រី មូហូ(Henri Mouhot) ។

ប្រវត្ដិរបស់ប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តត្រូវបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈដ៏អស្ចារ្យរបស់ខ្មែរ។

/

ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី​ និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេហៅតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនាហិនយាន។ ​ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី ហើយទីនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជាវត្តទាំងពីរនៅក្នុងប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្ថបុរីខាងត្បូង និង ឥន្ទបត្ថបុរីខាងជើង។ ការហៅឈ្មោះពិស្ណុលោក គឺសម្រាប់រំឮកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំឮកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោថបុរ)។ នៅសតវត្យរ៍ទី ១៧ ហៅថា ឥន្ទបត្ថម្ភានគរស្រីសុធរវពិស្ណុលោក។ ចំណែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរវត្តតូច។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ​ អង្គរវត្ត។

ស្ថាបត្យកម្មប្រាសាទអង្គរវត្ត មានកម្ពស់ ៦៥ម៉ែត្រ មានទំហំផ្ទៃដីប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង១២ម៉ែត្រ ។ ដោយសារទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថាប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្ស ពួកគេជឿថា គឺជាស្នាដៃរបស់អាទិទេព។

/

នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលមានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើបានដួលរលំ ។បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង ៕

ដោយ ៖ សូរីយ៉ាដកស្រង់ពី ៖  សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា