ថ្មីៗនេះ ប្រទេសប្រេហ្ស៊ីលបានអនុវត្តវិធីសាស្ដ្រមួយដ៏មានអត្ថន័យចំពោះអ្នកជាប់ពន្ធនាគារ គឺអ្នកទោសនឹងត្រូវបានបន្ថយរយៈពេលនៃការជាប់ពន្ធនាគារ ៤ថ្ងៃ ប្រសិនអានចប់សៀវភៅមួយក្បាល។
រដ្ឋាភិបាលប្រេហ្ស៊ីលបានប្រកាសពីយុទ្ធសាស្ដ្រ ព្រួញមួយបាញ់សត្វពីរ សម្រាប់អ្នកកំពុងជាប់ពន្ធនាគារ។ បណ្ដាអ្នកទោសដែលត្រូវបានគេមើលឃើញថា អាក្រក់បំផុតនៅក្នុងពន្ធនាគារនានា ពេលនេះមានឱកាសល្អ ក្នុងការកាត់បន្ថយពេលជាប់ពន្ធនាគារ តាមរយៈការអានសៀវភៅ។

អ្នកទោសទាំងនោះ អាចជ្រើសរើស និងអានសៀវភៅជាច្រើនប្រភេទ ដូចជា វិទ្យាសាស្ដ្រ ទស្សនវិជ្ជា ភាសា និងប្រវត្តិសាស្ដ្រ។ល។ ការអានសៀវភៅអាចជួយកាត់បន្ថយការជាប់ទោសដល់ទៅ ៤៨ថ្ងៃក្នុងមួយឆ្នាំៗ សម្រាប់អ្នកទោសម្នាក់។
អ្នកទោសទាំងអស់នឹងមានរយៈពេល ៤សប្ដាហ៍ដើម្បីអានសៀវភៅអោយចប់មួយក្បាល ហើយក្រោយមក ពួកគេនឹងត្រូវសរសេរសង្ខេបខ្លឹមសារក្នុងសៀវភៅនោះឡើងវិញ។ ប្រកាសនេះ ត្រូវបានគេធ្វើឡើង និងចាប់អនុវត្តកាលពីថ្ងៃ ច័ន្ទកង្លងទៅ។
គណកម្មករមួយនឹងត្រូវបានគេបង្កើតឡើងដើម្បីសម្រេចថា តើអ្នកទោសណាដែលមានលក្ខណៈនិងគុណសម្បត្ដិគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងកម្មវិធី Redemption through Reading” (ដឹងកំហុសដោយសារការអានសៀវភៅ)។

មេធាវី Sao Paulo បានថ្លែងថា ៖ អ្នកទោសម្នាក់អាចចាកចេញពីពន្ធនាគារជាមួយនឹងការយល់ឃើញអំពីពិភពលោកមួយដ៏ធំធេង។
Andre Kehdi អ្នកតំណាងនៃគម្រោងផ្ដល់សៀវភៅដល់ពន្ធនាគារនានាក៏បានថ្លែងថា ៖ មិននៅមានការសង្ស័យអ្វីទៀតនោះទេ ពួកគេនឹងបានចេញពីពន្ធនាគារ និងក្លាយជាមនុស្សល្អជាងមុន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE