នៅក្នុងផលិតកម្មភ្លេងរីខត ដែលជាមែកធាងថ្មី ផលិតកម្មរបស់ហង្សមាស គេសង្កេតឃើញមានតែ ស្រីស្អាតគៀត សុវណ្ណឡាងមួយប៉ុណ្ណោះ ដែលលេចធ្លោជាងគេ ផ្នែករូបសម្បត្តិ បើទោះជាក្នុងផលិតកម្មថ្មីនេះ រួមជាមួយនិងវត្តមានតារាចម្រៀង លាង សុផាឡែន និងតារាក្មេងស្រីជាច្រើនទៀតក៏ដោយ នាងហាក់ដូចជារាជិនីនៃសម្រស់ ប្រចាំផលិតកម្មថ្មីស្រឡាងនេះ។ មិនដល់មួយសប្ដាហ៍ទៀតទេ បទចម្រៀងរបស់នាង នឹងចេញលក់លើទីផ្សារ បន្ទាប់ពីនាងរង់ចាំស្ទើរខ្សោះខ្លួន ។
តារាចម្រៀងស្រស់ស្អាត មានប្រភពពីតារាសម្ដែងរូបនេះ មិនមានការអាក់អន់ចិត្តឡើយ ទោះជាដំបូងឈ្មោះនាងនៅក្នុងផលិតកម្មហង្សមាស តែបែរជាធ្លាក់ខ្លួនមក ភ្លេងរីខតទៅវិញ ទោះជាផលិតកម្មថ្មី តារាថ្មីតែក៏ស្ថិតក្រោមស្នាដៃគ្រប់គ្រង របស់កវីខកស្នេហ៍ សុខ ជំនោរ និងអ្នកដឹកនាំផ្សេងទៀត ដែលពោរពេញដោយបទពិសោធន៍ ដែលជាចំណុចខ្លាំងរបស់ផលិតកម្មថ្មីនេះ។ អ្វីដែលសំខាន់ សុវណ្ណឡាង ហាក់លេចមុខលេចមាត់ជាងគេ ដោយសារតែនាង គឺជាអ្វីដែលគេរង់ចាំច្រើនជាងគេបំផុត។
គេចាំបានថា នាងធ្លាប់ចូលក្នុងកម្មវិធីផ្ទះតារា របស់វិទ្យុហង្សមាស ហើយនាងបានរៀបរាប់ពី ដំណើរជិវិតសិល្បៈរបស់នាងយ៉ាងក្បោះក្បាយ ហើយថែមទាំងបកស្រាយបទចម្រៀង ដែលជាសំនៀងដើមរបស់ សុគន្ធកញ្ញា យ៉ាងពិរោះរងំ ហើយសំលេងរបស់នាង ក៏ពិរោះមួយបែបដែរ តែមិនដឹងថាសំលេងរបស់នាង បច្ចុប្បន្នវិវឌ្ឈន៍ដល់ណាហើយទេ បន្ទាប់ពីហ្វឹកហាត់អស់មួយរយៈធំ ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល