ភ្នំពេញ៖ តារាចម្រៀងស្រីស្អាតពូកែរាំរែក ទេព បូព្រឹក្ស ជួបរឿងមិនសូវល្អផ្ទួនៗ បន្ទាប់ពីប្រព័ន្ធសារព័ត៌មាន ជាច្រើនព្រួតវាយសំពង នាងតាមអត្ថបទ មិនសំចៃដៃ ពេលនាងខកខាន មិនបានទៅតាមស្ដែង ក្នុងកម្មវិធីរបស់ ស្ថានីយទូរទស្សន៍មួយ ដែលត្រូវបានគេដឹងថា មិនមែនជា កំហុសនាងទេ តែម្នាក់ៗរុញដាក់ឲ្យ នាងទទួលខុសត្រូវ ។ មិនទាន់បាត់ចំហាយ ព័ត៌មានមិនល្អនោះផង ស្រាប់តែគេហទំព័រ របស់វៀតណាម បានចោទប្រកាន់ តារាចម្រៀងល្បីៗ របស់កម្ពុជា ជាច្រើន ក្នុងនោះក៏មាន ស្រីតូចច្រឡឹង ទេព បូព្រឹក្ស ផងដែរ ដែលបានយកបទចម្រៀង របស់វៀតណាមមកច្រៀង ដោយគ្មានការអនុញ្ញាត ។
តារាចម្រៀងស្រីវ័យក្មេង ទេព បូព្រឹក្ស ហាក់ត្រូវធ្ងន់ជាងគេ ក្នុងរឿងដែលលួចចំឡង បទចម្រៀងពីវៀតណាម តែទស្សនិកជន ដែលរិះគន់ភ្លេចថា នាងជាតារាចម្រៀង ក្នុងផលិតកម្ម ហង្សមាស ដែលមានបទចម្រៀង និពន្ធច្រើនជាងគេ ។ តែនាងមិនដែលបាន ដើរអួតគេថា នាងច្រៀងបទថ្មីឡើយ។ រកពេលដក ដង្ហើមមិនទាន់ផង ស្រាប់តែនាងត្រូវ បានជនខិលខូច យករូបនាងជាមួយ ពេជ្រ សូលីកា មកដាក់លក់ខ្លួន តាមប្រព័ន្ធអ៊ិនធើណែត ធ្វើឲ្យតារាស្រីរូបនេះ អន់ចិត្តមិនតិចទេ ។
ទោះជារឿងមិនល្អចោម រោមស្ទើរដកដង្ហើម មិនរួចក៏ដោយ ក៏ស្រីស្អាតញញឹមស្រស់ ទេព បូព្រឹក្ស មិនរាថយឡើយ នៅតែចេញមុខបកស្រាយ ដោយមិនខ្វល់ខ្វាយ ពីអ្វីឡើយ ព្រោះនាងជា មនុស្សស្អាតស្អំ នឹងមិនបានប្រព្រឹត្តិ អ្វីដែលសង្គមស្អប់ខ្ពើម ។ ទស្សនិកជនជាច្រើន បានកោតសរសើរនាង ព្រោះនាងជាតារាចម្រៀងស្រី ដែលមានវ័យក្មេង មានសមត្ថភាពល្អ ក្នុងការរាំច្រៀង នឹងដោះស្រាយបញ្ហា និងមិនគេចវេស ដូចតារាមួយចំនួន ដែលបានល្បី លែងអើពើ ជាមួយសារព័ត៌មាន ពិសេសនាងពេលនេះ បានរំលេចសម្រស់ កាន់តែស្រស់សោភា ជាងមុនទ្វេដង ។
ជំនួបតាមទូរស័ព្ទជាមួយ LookingTODAY តារាចម្រៀងមាន ទេពកោសល្យអំណោយផល ពីធម្មជាតិ ទេព បូព្រឹក្ស បាននិយាយថា នាងទទួលស្គាល់ថា មួយរយះនេះមានរឿង មិនសូវជាល្អមែន តែនាងមិនសូវ ជាខ្វាយខ្វល់ទេ ព្រោះមិនមែនជាការពិតឡើយ ។ នាងបន្តថា ពេលខ្លះមានអារម្មណ៍ ចង់បាក់ស្បាតម្ដងៗ ជាមួយពាក្យចចាមអារ៉ាម គ្មានការពិត ព្រោះហាក់ឲ្យ តំលៃនាងតិចពេក នាងជាមនុស្សស្រីពិត ជាស្រលាញ់ កិត្តិយសណាស់ ។ ម្យ៉ាងលោកយាយនាង តែងតែយកចិត្តទុកដាក់ រឿងនេះជាខ្លាំង ។ ចំណែកឯរឿង រក្សាសម្រស់វិញ នាងនិយាយជាការពិត នាងពិតជារាង ស្គមជាងមុន ដោយសារនឿយហត់ ជាមួយអាជីពចម្រៀង ។
ម្យ៉ាងជារៀងរាល់ថ្ងៃ នាងបានហាត់រាំ ជាមួយក្រុមរាំជាប្រចាំ ដែលអាចធ្វើឲ្យ នាងស្រកសាច់ជាងមុន ចំណែកឯសក់នាងវិញ គឺប្រើប្រាស់ផលិតផល ហាងរបស់ពូនាង ដែលនាំពីអូស្រ្តាលី មានទាំងពីសាប៊ូកក់ ក្រែមបន្ទន់ និង ពណ៌សក់ស្រស់ស្អាតជាច្រើន។ ទេព បូព្រឹក្ស ក៏បានអរគុណជាខ្លាំង ដល់ទស្សនិកជនទាំងអស់ ដែលតែងតែ គាំទ្រ និងរិះគន់នាង ព្រោះ ការរិះគន់នេះ ជាចំណុចមួយ ដែលជួយស្ថាបនា ចំណុចអវិជ្ជមានរបស់នាង ៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល