ភ្នំពេញៈ កញ្ញា ឈិត សុវណ្ណបញ្ញា ដែលជាតារាចម្រៀងរូបស្រស់ ស្រគត់ស្រគំ ប្រចាំនៅក្នុងផលិតកម្ម រស្មីហង្សមាស និងជាឯកអគ្គរាជទូតប្រចាំកម្ពុជា បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ចូលរួមចំណែក អបអរសាទរទិវា សិទ្ធិកុមារលុបបំបាត់អំពើហិង្សា និងពលកម្មកុមារ នៅក្នុងប្រទេសថែម ទៀតផង។
នាពេលកន្លងមកទស្សនិកជន ធ្លាប់តែទស្សនាឃើញ តារាចម្រៀងស្រីស្រស់ កញ្ញា ឈិត សុវណ្ណបញ្ញា ឡើងលើឆាក បញ្ចេញសំលេងក្រអួនក្រអៅ ជាមួយស្ទីលរាំកន្ទាក់អារម្មណ៍ តែដោយឡែកកាលពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ នាងបានឡើងបង្ហាញវត្តមាន ជាតារាកិត្តិយស នៅក្នុងកម្មវិធីថ្មីមួយឈ្មោះ “ កញ្ញា Goodness” នៅស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ថា នៅក្នុងថ្ងៃនេះ ជាទិវាសិទ្ធកុមារដូច្នេះ ក្នុងនាមនាងជា ឯកអគ្គរាជទូតសុឆ្ទនៈម្នាក់ នៅក្នុងប្រទេសសូមចូលរួម អបអរសាទរខួបលើកទី៦៤ ឆ្នាំនៃទិវាសិទ្ធិកុមារ ក្នុងប្រទេស។
ឯកអគ្គរាជទូតក្នុងយុទ្ធនាការ “មួយរយកោដិសំឡេង” សម្រាប់ឆ្នាំ២០១៣ រូបនេះបានប្រាប់ឲ្យដឹងថា “ដើម្បីចូលរួមចំណែកក្នុងការ កាត់បន្ថយនឹងឆ្ពោះទៅកាន់ ការលុបបំបាត់ទាំងស្រុងនូវការ ប្រើអំពើហិង្សា ពលកម្មកុមារ និងបញ្ហាផ្សេងៗ ដែលកើតឡើងលើកុមារ ធ្វើឲ្យកុមារមិនមានសិទ្ធិគ្រប់គ្រាន់ ក្នុងការរស់រានមានជីវិត ដូច្នេះក្នុងនាមខ្ញុំក៏ដូចជា ពលរដ្ឋទាំងអស់ ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការ លុបបំបាត់ការរំលោភសិទ្ធិកុមារ”។
ជាមួយគ្នានេះដែល តារាចម្រៀងរាងតូចច្រឡឹង រូបស្រស់សោភា ស្នាមញញឹមរីកស្រស់បំព្រងរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងនោះបុគ្គលដែលងាយស្រួល ក្នុងការទទួលរងការប៉ះពាល់ខ្លាំង ជាងគេ គឺកុមារនិងស្ត្រីដូច្នេះ យើងត្រូវចូលរួមលើកស្ទួយគាំពារសិទ្ធិស្ត្រី និងសិទ្ធិកុមារទាំងអស់គ្នា ហើយត្រូវជួយផ្សព្វផ្សាយសិទ្ធិទាំងអស់ ដែលមានលើកុមារ និងស្ត្រីឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល