បើទោះជាមិនមានដៃទាំងពីរសងខាងពីកំណើត ប៉ុន្ដែ ស្ដ្រីជាម្ដាយ Linda និងកូនប្រុស Timmy នៅតែអាចប្រើប្រាស់ជើងទាំងពីរ ជំនួសដៃ ដោយមិនមានការលំបាក។

ជាមនុស្សអភព្វ មិនមានដៃទាំងពីរ ដូចទៅនឹងអ្នករាល់គ្នា ប៉ុន្ដែ អ្នកស្រី Linda Bannon និងកូនប្រុស Timmy នៅតែអាចធ្វើបានល្អ នូវការងារប្រចាំថ្ងៃ ដោយការប្រើប្រាស់ជើងដ៏មានតម្លៃរបស់ពួកគេ។អ្នកស្រី Linda Bannon អាយុ ៣៥ឆ្នាំ កើតមកមិនមានដៃពីកំណើត ដោយសារតែកើតជម្ងឺតពូជដ៏កម្រមួយ ដែលមានឈ្មោះថា Holt-Oram ។ ជម្ងឺនេះ មិនត្រឹមតែប៉ះពាល់ដល់ការរីកចម្រើនរបស់ឆ្អឹងប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឱ្យកើតជម្ងឺទាក់ទិននឹងបេះដូងផងដែរ។ ស្ដ្រីដែលធំឡើង នៅ Chicago រូបនេះ ឱ្យដឹងថា ពុកម្ដាយរបស់អ្នកស្រី មិនបានដឹងអ្វីអំពីជម្ងឺនេះ រហូតដល់អ្នកស្រីបានចាប់កំណើប។

ថ្វីបើមានការតូចចិត្តនឹងវាសនា ប៉ុន្ដែ Linda ប្រើប្រាស់ជើងទាំងពីរ ជំនួសដៃ សម្រាប់បំពេញការងារប្រចាំថ្ងៃ ដូចជា ការធ្វើម្ហូបអាហារ លាងចាន រៀបចំផ្ទះសម្បែង។ល។ បើទោះជាពិការ ប៉ុន្ដែ ក្រោយមក អ្នកស្រីក៏បានសម្រេចចិត្ត រៀបការជាមួយលោក Richard កាលពីឆ្នាំ ២០០៤ ហើយបន្ទាប់មក មានកូនប្រុសម្នាក់ ឈ្មោះ Timmy ។

ដូចទៅនឹងម្ដាយរបស់ខ្លួន Timmy កើតមក ក៏ពិការដៃដូចម្ដាយ ដោយសារតែជម្ងឺ Holt-Oram នេះ។ យ៉ាងនេះក្ដី Timmy ក៏រៀនតាមបទពិសោធ ប្រយុទ្ធប្រឆាំងនឹងវាសនា ដូចម្ដាយរបស់ខ្លួន ដោយមិនទុកឱ្យជម្ងឺនេះ “មើលស្រាល” និងធ្វើបាបផ្លូវចិត្ត។ Timmy ដែលបច្ចុប្បន្ន មានអាយុ ៩ឆ្នាំ គេអាចហែលទឹក ហាត់ក្បាច់គុន និងលេងហ្គេម បានដូចក្មេងដទៃ ដោយការប្រើជើងដ៏គួរឱ្យស្រឡាញ់របស់ខ្លួន។ ដើម្បីស្វែងយល់អំពីការរស់នៅប្រចាំថ្ងៃ របស់ពួកគេ សូមទស្សនានូវវីដេអូខាងក្រោម ៖
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/Daily Mail