ទស្សនិកជន បានជ្រាបរួចមកហើយថា បណ្តារឿង Zombie ភាគច្រើនគឺថតដោយហូលីវូដរបស់អាមេរិច ហើយមិនសូវជាឃើញមាន រឿងរបស់អាស៊ីឡើយ តែពេលនេះ ទស្សនិកជនច្បាស់ជាបានភ្ញាក់ផ្អើលភ្លឺភ្នែក ជាមួយនិងស្នាដៃកូនខ្មែរយើងម្តង ។
រឿងថ្មីរបស់កូនខ្មែរមួយនេះ មានចំណងជើងថា រត់ (Run) គឺជាស្នាដៃរួមគ្នាបង្កើតឡើងរបស់ផលិតកម្ម Arom Films រួមសហការដោយ Westec Media, Twenty Two Degree និង LionMedia បានចេញជាភាពយន្តប្រភេទ Zombie នេះជាលើកដំបូងនៅកម្ពុជា ។ រឿងនេះគឺដឹកនាំនិងផលិតដោយលោក ទូច ឧត្តម ដែលតួសំដែងក្នុងរឿងនេះ សុទ្ធសឹងតែជាអ្នកស្ម័គ្រចិត្តទាំងអស់ ។ រឿង រត់ នេះគឺនិយាយអំពី ទីក្រុងភ្នំពេញ ដែលត្រូវបានវាយប្រហារ និងរាតត្បាតដោយមេរោគម្យ៉ាង ដែលបង្ករអោយមនុស្សម្នាទាំងឡាយ ក្លាយទៅជាមនុស្សចំលែកដែលស៊ីសាច់មនុស្សជាអាហារ ដែលគេហៅថា Zombie ។
លោក ទូច ឧត្តម ម្ចាស់ផលិតកម្ម អារម្មណ៍ភាពយន្តរឿង រត់ នឹងស្វាគមន៍ទស្សនិកជន បងប្អូនខ្មែរយើង នៅថ្ងៃទី ២៣ ខែតុលា ខាងមុខនេះហើយនៅឯរោងភាពយន្ត Legend Cinema និង Cineplex ដូចនេះសូមទស្សនិកជន ជួយគាំទ្រស្នាដៃកូនខ្មែរយើងផងណា ៕